កំពង់ចាម: ប្រតិបត្តិការចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់ភ្នាល់ដាក់លុយ)ចំនួន២ករណីកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៩ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃខេត្តកំពង់ចាម។
សមត្ថកិច្ចបានអោយដឹងថាករណីទី១/ដឹកនាំដោយលោកវរសេនីយ៍ទោអ៊ឹងប៊ុនអធិការនគរបាលក្រុងកំពង់ចាមនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនបើកកិច្ចប្រតិបត្តិការបង្ក្រាបបានករណីលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចក្នុងព្រៃស្ថិតក្រោយភូមិបឹងបាសាក់សង្កាត់សំបួរមាសក្រុងកំពង់ចាមនៅពេលសមត្ថកិច្ចចុះទៅដល់ក្រុមញៀនល្បែងក៏បានរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងរួមមានរថយន្ដHighlander ចំនួន០១គ្រឿងម៉ូតូសរុបចំនួន២១គ្រឿងមាន់ជល់ចំនួន០២ក្បាលនិងសម្ភារមួយចំនួនផ្សេងទៀត។
ករណីទី២/ដឹកនាំដោយលោកវរសេនីយ៍ឯកប្រាក់សុគុណអធិការនគរបាលស្រុកជើងព្រៃចុះបង្រ្កាប់ទីតាំងលួចលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់ដាក់លុយនៅចំណុចព្រៃកប់ខ្មោចស្ថិតនៅភូមិបឹងជ្រោយឃុំសូរទិព្វស្រុកជើងព្រៃដោយស្ថានភាពផ្លូវឆ្ងាយពីភូមិផ្លូវក៏លំបាកពេលសមត្ថកិច្ចទៅដល់ក្រុមញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកវត្ថុតាងមួយចំនួនរួមមានម៉ូតូចំនួន២៧គ្រឿងមាន់ជល់ចំនួន០២ក្បាលនិងសម្ភារមួយចំនួនទៀតផងដែរ។
ចំពោះករណីទាំងពីរនេះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវបន្តនិងបន្តនីតិវិធីតាមផ្លូវច្បាប់៕




