កោះកុង: ក្នុងកម្មពិធីមហោស្របបង្ហើរខ្លែងខ្មែរត្រូវបានរៀបចំឡេីងជាលើកទី២៣នៅឆ្នាំ២០១៩ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ក្រោមអធិបតីភាពឯកឩត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បះតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ តឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍និងវិចិត្រសិល្បះនិងលោកស្រី ឈុន រ៉ាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងរួមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានអង្គភាពនានាលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។
ឯកឩត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៍និងវិចិត្រសិល្បះតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ តឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍និងវិចិត្រសិល្បះបានថ្លែងថាពិធីខាងលើនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណង ថែរក្សាប្រពៃណីនៃការបង្ហោះខ្លែងដែលជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៍ជាតិដែលឋិតនៅជាប់ជានិច្ចក្នុងចិត្តប្រជាពលរដ្ឋយុវជនយុវនារីដើម្បីរក្សាបានតទៅមុខនិងដោយមានការគាំទ្រពីក្រសួងវប្បធម៍និងវិចិត្រសិល្បះនិងពីសំណាក់ប្រធានមន្ទីរវប្បធម៍គ្រប់រាជធានីខេត្តផងដែរពិសេសដើម្បីអបអរសន្តិភាពនៅកម្ពុជា ។
ឯកឩត្តមបានបន្តថាខ្លែងខ្មែរនាពេលបច្ចុប្បន្នបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គ្រប់មជ្ឈដ្ឋានជាតិអន្តរជាតិ ជារៀងរាល់ឆ្នាំក្រសួងវប្បធម៍និងវិចិត្រសិល្បះតែងតែប្រារព្វពិធីបើកមហោស្របបង្ហើរខ្លែងខ្មែរក្នុងក្របខណ្ឌទូទាំងប្រទេសដើម្បីជ្រើសរើសយកអ្នកដែលមានទេពកោសល្យក្នុងការធ្វើខ្លែងនិងបង្ហើរខ្លែងបានចំនួន២២លើកមកហើយ ក្នុងនោះលក្ខណៈជាអន្តរជាតិយើងបានរៀបចំមហោស្របបានចំនួន៣លើកគឺឆ្នាំ២០០៤មានខ្លែងអន្តរជាតិ៥ប្រទេសបានចូលរួមឆ្នាំ២០០៦មានខ្លែងអន្តរជាតិ១៧ប្រទេសបានចូលរួមនិងឆ្នាំ២០១០មានខ្លែងអន្តរជាតិ៩ប្រទេសបានចូលរួម នៅលើឆាកអន្តរជាតិវិញខ្លែងខ្មែរបានចូលរួមមហោស្រព ចំនួន៦៦លើក ។
ឯកឩត្តម អ៊ុក សុជាតិ បានលើកឡើងទៀតថាលទ្ធផលទាំងនេះទទួលបានជោគជ័យ ដោយសារការយកចិត្តទុកដាក់និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងវប្បធម៍និងវិចិត្រសិល្បៈជាពិសេសគឺការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការអភិរក្សនិងលើកតម្កើងវប្បធម៍ អរិយធម៍ហើយចាត់ទុកវិស័យវប្បធម៍ជាគន្លឹះនិងជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ។
ជាលទ្ធផលនៃការប្រកួតបង្ហើរខ្លែងខ្មែរដែលបានរៀបចំឡើងនាពេលនេះឃើញថាមានខ្លែងខ្មែរដែលត្រូវបានចូលរួមប្រកួតមានចំនួន២៣ខេត្ត/ក្រុងនិងខ្លែងស្វ័យរិនមានចំនួន៤៧ខ្លែងចំពោះខេត្តដែលទទួលបានជ័យលាភីគឹខេត្តតាកែវទទួលបានចំណាត់ថ្នាក់លេខ១ខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ២ចំពោះខេត្តកោះកុងនិងមណ្ឌលគិរី ទទួលបានចំណាត់ថ្នាក់លេខ៣ ៕





