កំពង់ធំ: ប្រជាពលរដ្ឋមានកាខឹងទៅលេីសាលាក្រុងស្ទឹងសែនដែលបានចាប់យកឥវ៉ាន់លក់ដូររបស់ពួកគាត់ដែលនៅខាងក្រៅផ្សារតាំងពីថ្ងៃទី០៧ វិច្ឆិកាមករហូតមកដល់ថ្ងៃទី២៣ធ្នូឆ្នាំ២០១៩នេះរយៈពេលជាង១ខែមកហើយនៅមិនទាន់ប្រគល់ឲ្យវិញនោះទេដែលជាហេតុធ្វើឲ្យសម្ភារមួយចំនួនរបស់ត្រូវរលួយខូចអស់ពួកគាត់ឆ្ងល់ណាស់ថាចាប់យកទៅទុករាប់ខែមិនព្រមប្រគល់ឲ្យមកពួកគាត់វិញយ៉ាងដូច្នេះ? ឬមួយក៏សម្ភារដែលបានចាប់យកទៅនោះត្រូវរសាត់បាត់អស់ទៅហើយ?
ពាក់ព័ន្ធជុំវិញបញ្ហាខាងលើនេះលោក គង់ វុទ្ធី នាយករដ្ឋបាលបានសាលាក្រុងស្ទឹងសែនបានប្រាប់ភ្នាក់ងារសារព័ត៌តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ធ្នូនេះថាកាលពីថ្ងៃទី០៧ វិច្ឆិកាឆ្នាំ២០១៩លោកបានដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារកំពុងធំរយៈពេលមួយព្រឹកជំនួសមុខឲ្យលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែនទទួលបន្ទុកខាងផ្សារក្នុងនោះក៏បានដកហូតយកសម្ភាររបស់បងប្អូនអាជីវករច្រើននាក់យកមករក្សាទុកនៅសាលាក្រុងនិងបានប្រគល់ឲ្យទៅខាងលោកអភិបាលរង ពេញ កែម រួចអស់ហើយ ។
ចំណែករឿងប្រគល់សម្ភារដែលចាប់មកនោះឲ្យទៅខាងអាជីវករវិញពេលណានោះស្ថិតនៅលើលោកអភិបាលក្រុងទើបមានសិទ្ធសម្រេច!នៅក្នុងបញ្ហានេះលោក ពេញ កែម ដែលជាអភិបាលរងក្រុងស្ទឹងសែនទទួលបន្ទុកខាងរៀបចំសណ្តាប់ធ្នាប់ផ្សារលោកបានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ខែធ្នូថាជុំវិញបញ្ហាចាប់យកសម្ភាររបស់បងប្អូនអាជីវករ នៅក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារកំពង់ធំខាងលើនេះ យោងតាមគោលការណ៍ក្រុងគឺមិនប្រគល់សម្ភារជូនគាត់វិញទេហើយទ្រព្យសម្បត្តិដែលចាប់មកទាំងអស់នោះត្រូវបានទុកជារបស់សាលាក្រុងស្ទឹងសែន ។
ចំណែកលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃដដែលនេះថា បញ្ហារឿងចាប់យកសម្ភាររបស់បងប្អូនអាជីវករយកមករក្សាទុកនេះរយៈពេលជាង១ខែមកហើយដោយសារតែលោកជាប់រវល់មមារញឹកក្នុងការងារពេកទើបធ្វើឲ្យខកពេលយូរ សាលាក្រុងនឹងប្រគល់ជូនសម្ភារទាំងអស់នោះជូនពួកគាត់វិញក្នុងពេលឆាប់ៗនេះដោយគ្រាន់តែតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាជាមួយនឹងសាលាក្រុងសូមកុំឲ្យដាក់តាំងទំនិញលក់ដូរហូរហៀរមកលើចំណីផ្លូវតទៅទៀតតែប៉ុណ្ណោះដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សោភ័ណភាពនិងសេចក្តីថ្លៃថ្នូរក៏ដូចជាមុខមាត់របស់ក្រុងស្ទឹងសែនខេត្តកំពង់ធំដើម្បីចូលរួមចំណែកក្នុងការប្រឡងប្រណ្តាំងទីក្រុងស្អាតហើយសាលាក្រុងស្ទឹងសែនក៏គ្មានបំណងចាប់យកសម្ភារះរបស់អាជីវករយកមកធ្វើជាកម្មសិទ្ធរបស់សាលាក្រុងនោះទេ៕


