ស្វាយរៀង: សាលាដំបូងខេត្តស្វាយរៀងបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអធិការរងនគរបាលក្រុងបាវិតដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩បើតាមសមត្ថកិច្ចបានឲ្យដឹងថាបានពាក់ព័ន្ធការបាញ់ប្រហារទៅលេីស្រ្តីម្ចាស់ហាង(តន្រ្តីសំណាងអាណេ)បណ្តាលឲ្យស្លាប់ធ្វេីឲ្យកក្រើកពេញក្រុងបាវិតនារយៈពេលប៉ុន្មានថ្ងៃនេះកន្លងមកនេះបើតាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀងដែលអ្នកសារព័ត៏មានទទួលបាន។
នៅក្នុងដីកាឃុំខ្លួនរបស់ចៅក្រម ឃុន ដាវី អធិការរងនគរបាលរូបនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ (ឃាតកម្មនិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ)។
តាមប្រភពពីក្រុមគ្រួសារម្ចាស់ហាង(តន្រ្តីសំណាងអាណេ)
មានឈ្មោះ សឿន ស្រីណេ អាយុ៣៨ឆ្នាំជាស្រ្តីមេម៉ាយ
មានកូនស្រីម្នាក់មានស្រុកកំណើតភូមិក្រាំងអាតឃុំកំពង់សិលាស្រុកកំពង់សិលាខេត្តព្រះសីហនុប៉ុន្តែនាងបានទៅបើកហាងរកស៊ីនៅក្រុងបាវិតនាប៉ុន្មានឆ្នាំមកហើយ។
ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេកនៅវេលាថ្ងៃត្រង់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩ស្ដ្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម។
ស្រ្តីរងគ្រោះត្រូវបានអធិការរងនគរបាលក្រុងបាវិត កែវ ចិត្រា បានបាញ់ប្រហារបណ្តាលឲ្យស្លាប់ក្រោយរបួសធ្ងន់ពេកជនដៃដល់ជាកូនប្រុសរបស់អធិការនគរបាលក្រុងបាវិត កែវ គង់ ដែលទើបឡើងតួនាទីក្នុងរយៈពេលមួយសប្តាហ៍នេះទេ។
អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ដោយមួយគ្រាប់បាញ់ឡើងលើនិងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង។
ករណីនេះបានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន(តន្ត្រីសំណាងអាណេ)ក្នុងភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិកឲ្យហៅម្ចាស់ហាងមកជួបស្រាប់តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានសាច់ញាតិនិងភ្ញៀវជួយលើកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯប្រទេសវៀតណាម។
បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួចបុរសដែលឃាតកបានដើរចេញពីហាងគេចខ្លួនបាត់តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះដោយសារជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេកក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
អធិការរងនគរបាលរូបនេះត្រូវបានគេរាយការណ៍ថាទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។
នៅអធិការដ្ឋាននគរបាលក្រុងបាវិតក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួនលួចបង្ហើបថាម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ។
ជនសង្ស័យនេះត្រូវបានអ្នកក្រុងបាវិតមួយចំនួនស្គាល់ថាជាមនុស្សមានចរឹកមិនល្អនិងធ្លាប់ជាក្មេងទំនើងស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុងក្រោមការជួយជ្រោមជ្រែងពីឪពុករបស់ខ្លួន។




