ស្ទឹងត្រែង: សមត្ថកិច្ចចាប់សាច់ជ្រូកព្រៃទម្ងន់៣៣គីឡូក្រាម ត្រូវបានដុតចោលនៅចំពោះមុខឈ្មួញដឹកជញ្ជូនម្នាក់បន្ទាប់ពីក្រុមឧទ្យានរក្សឧទ្យានជាតិវរះជ័យចាប់បាននៅចំណុចភូមិឡាយកាយឃុំថ្មកែវស្រុកសៀមប៉ាងកាលពីម៉ោង៩និង៣០ព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នេះ។
សេចក្តីរាយការណ៍បន្តថាជនសង្ស័យដែលជាឈ្មួញដឹកជញ្ជូនសាច់សត្វព្រៃតាមរយៈម៉ូតូខាងលើនេះមិនត្រូវបានបង្ហាញអត្តសញ្ញាណពីសមត្ថកិច្ចឡើយតែបើតាមប្រភពព័ត៌មានឱ្យដឹងថាជនសង្ស័យរូបនោះត្រូវបានអាជ្ញាធរឃុំនិងមន្ត្រីជំនាញធ្វើកិច្វសន្យាណែនាំអប់រំហើយត្រូវដោះលែងឱ្យមានសេរីភាពវិញ។
ប្រភពព័ត៌មានមួយចំនួនទៀតក៏បានលើកឡើងថាទាក់ទិននឹងការចាប់ខ្លួនបុរសម្នាក់ដឹកជញ្ជូនសាច់សត្វព្រៃហើយដកហូតវត្ថុតាងជាក់ស្តែងនិងបានឱ្យធ្វើកិច្ចសន្យាអប់រំនោះគឺនៅឯផ្សារទីរួមខេត្តស្ទឹងត្រែងវិញសមត្ថកិច្ចក៏ធ្លាប់បានចាប់អ្នកលក់សាច់សត្វព្រៃដែរហើយតាមតែឃើញគឺកើតមានស្ទើររាប់រយលើកមកហើយតែគ្មានប្រសិទ្ធភាពបន្តិចឡើយ ព្រោះអ្នកលក់មុខដដែលៗ។
ប្រភពដដែលបញ្ជាក់ថាក្រុមអ្នកលក់សាច់សត្វព្រៃបច្ចុប្បន្ន បានកែប្រែយុទ្ធសាស្ត្រពីការដាក់តាំងលក់ធំដុំមកដាក់លក់ក្នុងកញ្ច្រែងវិញតែប្រសិនចង់បានតាមតម្រូវការចង់បាននោះ ពួកគេនឹងរៀបចំឱ្យភ្លាមតែមុននឹងរៀបចំលក់ឱ្យនោះពួកគេក៏សង្កេតពីបុគ្គលមនុស្សនោះដែរហើយប្រសិនបើពួកគេសង្ស័យថាទូរស័ព្ទសួរគ្នានោះពួកគេប្រាកដជាប្រាប់ថាគ្មានច្រើនទេឬអស់ហើយសល់តែប៉ុនហ្នឹងដែរ។
ជាងនេះក៏មានប្រភពព័ត៌មានមួយចំនួនផងដែរបានបង្ហើបនិងឱ្យមានការសង្កេតទៅលើសាច់សត្វព្រៃដែលគេដាក់លក់នោះគឺមានភាពស្រស់ញញឹមនិងគ្មានក្លិននោះដែរតែក្រោយទិញមកមិនបានប៉ុន្មានផងសាច់ទាំងនោះខ្លះប្រែពណ៌ទៅជាខៀវនិងជះក្លិនស្អុយមកជាមួយទៀតផង៕
