កណ្តាល: រថយន្តបែនដឹកដីខ្នាតធំមួយបានបើកលើស្ពានបាឡេដែលជាស្ពានហាមមិនអោយមានរថយន្តធុនធំៗបេីកឆ្លងកាត់តែត្រូវអ្នកបេីកបររថយន្តខាងលេីរឹងទទឹងនៅតែបេីកចូលមកលេីស្ពាននេះបណ្ដាលឲ្យស្រុតបាក់ភ្លាមៗនៅរសៀលថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០១៩នេះស្ថិតនៅក្នុងភូមិជ័យជំនះឃុំសៀមរាបស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល។
លោក វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ខេត្ត
កណ្ដាលបានប្រាប់អោយដឹងថានៅវេលាម៉ោងប្រមាណ ៣កន្លះរសៀលថ្ងៃនេះគេឃើញរថយន្តដឹកដីខ្នាតធំរបស់ក្រុមហ៊ុនកូរ៉េដែលកំពុងស្ថាបនាផ្លូវបើកកាត់លើស្ពានបាឡេ ខណៈស្ពាននេះបានទ្រុឌទ្រោមស្រាប់ទៅហើយក៏បណ្ដាលឲ្យបាក់ស្រុតភ្លាមៗតែម្ដង។
លោកបន្តថានៅចំណុចស្ពានទ្រុឌទ្រោមនេះគេបានចាក់ដីពង្វៀងស្ពានជិតនោះដើម្បីឲ្យឡានធំៗបើកបរប៉ុន្តែតៃកុងឡានមួយនេះមិនព្រមបើកតាមកំណត់បែរជាមកបើកលើស្ពានចាស់ទៅវិញដែលជាហេតុធ្វើឲ្យស្ពានបាកស្រុតភ្លាមៗតែម្ដង។
លោកថាគេពុំទាន់កំណត់ច្បាស់លាស់ថាឡានដឹកដីនេះជារបស់ក្រុមហ៊ុនណាទេប៉ុន្តែដំណឹងបឋមគឺជារបស់ក្រុមហ៊ុនកូរ៉េដែលកំពុងស្ថាបនាផ្លូវជាតិលេខ២នេះឯង។
លោកស្នងការរងថាកម្លាំងរបស់លោកកំពុងនៅទីតាំងដើម្បីសម្រួលកិច្ចការនេះពិសេសគឺសម្រួលចរាចរណ៍ដែលកំពុងកកស្ទះ។
លោកសំនូមពរពលរដ្ឋដែលគ្រោងនឹងធ្វើដំណើរកាត់ម្ដុំនេះ បើសិនជាអាចសូមផ្អាកមួយរយៈសិនឬមួយក៏ជិះវៀងផ្លូវសិនក៏បានព្រោះពេលនេះផ្លូវកំពុងកកស្ទ ខណៈក្រុមការងារកំពុងសង្រ្គោះលើករណីនេះ។
គួរបញ្ជាក់ជូនថាផ្លូវជាតិលេខ២តំបន់ភូមិសាស្ត្រស្រុកកណ្ដាលស្ទឹងនេះសំបូរឡានដឹកដីដឹកខ្សាច់ដឹកថ្មដឹកទំនិញផ្សេងទៀតប្រភេទឡានខ្នាតធំបើកបរមានល្បឿនលឿនៗណាស់ហើយមិនគោរពសិទ្ធិអទិភាពឬមានសីលធម៌ក្នុងការបើកបរនោះឡើយដែលបង្កការព្រួយបារម្ភដល់ពលរដ្ឋអ្នកធ្វើដំណើរខណៈគេស្នើសុំលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលគួរតែចាត់ចែងហៅក្រុមបើកឡានធំៗទាំងនោះ មកអប់រំពិនិនិត្យទឹកនោមនិងបង្រៀនច្បាប់ចរាចរដល់ពួកគាត់ផងព្រោះតៃកុងឡានភាគច្រើនបើកព្រហើនអត់ស្គាល់បច្ឆានោះទេ៕

