មណ្ឌលគិរី: រថយន្តកូរ៉េដឹកឈើកែច្នៃពេញណែនមួយគ្រឿងត្រូវបានជំនាញដែនជម្រកការពារសត្វព្រៃកែវសីមា ស្ទាក់ចាប់បានខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៦នៅចំណុចវាលអាមេរិកស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យស្រុកពេជ្រដាកាលពីព្រឹកថ្ងៃទី២៦ធ្នូឆ្នាំ ២០១៩ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានេះជាលើកទី៥ហើយដែលរថយន្តមានឃ្លុបក្រោយដឹកឈើនិងមានកាសរសេរអក្សរនៅខាងមុខដាក់ឈ្មោះថា(រមណីយដ្ឋានធម្មជាតិអូរផ្លាយ)ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបានជាបន្តបន្ទាប់ដោយកន្លងមករថយន្តនេះត្រូវបានមន្ត្រីមេព្រៃចាប់បានម្តងអាវុធហត្ថស្នាក់ការសន្តិសុខលេខ៦២១ចាប់បានម្តងនិងដែនជម្រកកែវសីមាចាប់បាន៣លើកទាំងលើកនេះ។
តាមប្រភពព័ត៌មានបានបន្តថាទោះបីរថយន្តនេះធ្លាប់ត្រូវបានសមត្ថកិច្ចបង្ក្រាបជាច្រើនលើកប៉ុន្តែគេនៅតែឃើញសកម្មភាពរថយន្តដដែលនេះនៅតែអាចដឹកជញ្ជូនឈើគ្មានលោះមួយថ្ងៃណាឡើយពោលគឺចាប់បានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ។
មូលហេតុដោយសារម្ចាស់រមណីយដ្ឋានធម្មជាតិអូរផ្លាយ គឺជាបុគ្គលមានអំណាចមានមុខងារជាឧត្តមសេនីយ៍ផង ឧកញ៉ាផងទើបសមត្ថកិច្ចមិនហ៊ានចាត់បញ្ជូនទៅតុលាការ។
ក្រុមអ្នកតាមដានបរិស្ថានបានឲ្យដឹងថាកន្លងមកនៅក្នុងរមណីយដ្ឋានធម្មជាតិអូរផ្លាយមានគេលួចបង្កើតសិប្បកម្មកែច្នៃឈើខុសច្បាប់តែគ្មានការបង្ក្រាបណាមួយលើទីតាំងនោះទេ ។
នៅពេលសកម្មជនព្រៃឈើរាយការណ៏ទៅមន្ត្រីជំនាញពួកគេតែងអះអាងថាម្ចាស់រមណីយដ្ឋានធម្មជាតិអូរផ្លាយបានសុំយកឈើកែច្នៃដើម្បីប្រេីប្រាស់ក្នុងរមណីយដ្ឋានតែជាក់ស្តែងណាស់នៅពេលនេះគឺមិនដូចអស់មន្ត្រីទាំងនោះនិយាយឡើយគឺគេធ្វើអាជីវកម្មបែបកន្ទេលធំបន្លំដេកដោយដឹកឈើច្នៃរួចទៅភ្នំពេញ។
លោក ឌិន ប៊ុនធឿន នាយកដែនជម្រកការពារសត្វព្រៃកែវសីមាបានឱ្យដឹងថាមន្ត្រីស្នាក់ការអូររាំងបានធ្វើការឃាត់ចាប់បានរថយន្តកូរ៉េពណ៍សចង្កូតឆ្វេងពាក់ស្លាកលេខភ្នំពេញ ៣D-៣១០៤ ដឹកឈើប្រភេទគ្រោងទ្វានឹង(នីវនៅចំនុចមុខស្នាក់ការអូរ )បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការរងអូររាំង ។


