បាត់ដំបង៖ អធិការនគរបាលស្រុកឯកភ្នំត្រូវបានគេទម្លាយឲ្យដឹងកាលពីរសៀលថ្ងៃទី០១មករាឆ្នាំ២០២០ថាបានចាប់បុរសម្នាក់យកទៅឃុំខ្លួនអស់រយៈពេល៣យប់៣ថ្ងៃដើម្បីបង្ខំទារប្រាក់ចំនួន២.៤០០ដុល្លារជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញដោយមិនបានរាយការណ៍ជូនលោកស្នងការខេត្តឬលោកព្រះរាជអាជ្ញាឱ្យបានជ្រាបឡើយកក្នុងអំឡុងពេលនៃការឃុំខ្លួនមនុស្សពីបទប្រើ ហិង្សា ។
យោងតាមប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តមួយដែលបានប្រាប់ថាបុរសម្នាក់ឈ្មោះ វ៉ូ អាយុជាង២០ឆ្នាំរស់នៅសង្កាត់ស្លាកែតក្រុងបាត់ដំបងត្រូវកម្លាំងនគរបាលស្រុកឯកភ្នំចាប់វាយខ្នោះកាលពីល្ងាចថ្ងៃទី២៨ធ្នូ២០១៩កន្លងទៅថ្មីនេះ នៅផ្ទះអតីតភរិយាឈ្មោះ វិន វ៉ាន់លឿប អាយុជាង២០ឆ្នាំដែរ រស់នៅក្នុងស្រុកឯកភ្នំខណៈដែលបុរសនេះទៅលេងកូន ហើយមានការឈ្លោះប្រកែកគ្នារវាងអតីតប្ដី-ប្រពន្ធនេះ។
ប្រភពបន្តទៀតថាប្ដីប្រពន្ធនេះបានប្ដឹងលែងលះគ្នាហើយតែធ្វើឡើងត្រឹមអាជ្ញាធរឃុំក្រោយពីលែងលះភាគីខាងប្រុសបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃតែបានសន្យាផ្ញើលុយ១ខែចំនួន៣,០០០បាតដើម្បីចិញ្ចឹមកូន ។
ជាមួយនឹងការសន្យាបុរសនេះតែងផ្ដាំផ្ញើជានិច្ចឲ្យអតីតភរិយាមើលថែកូនឲ្យបានដិតដល់និងបានផ្ញើលុយរាល់ខែឲ្យអតីតប្រពន្ធតាមការសន្យាប៉ុន្តែនៅក្នុងឱកាសឆ្លងឆ្នាំសាកលនេះបុរសនេះបានវិលត្រឡប់មកស្រុកកំណើតដើម្បីមកលេងកូន ។
អ្នកទម្លាយព័ត៌មានខាងលើនេះបានបញ្ជាក់ថាពេលមកដល់ស្រុកបុរសនេះបានឆ្លៀតទៅជួបកូននៅផ្ទះខាងប្រពន្ធនិងបានសួរសុខទុក្ខកូនប៉ុន្តែគ្រានោះស្រាប់តែកូនតូចបានរៀបរាប់ប្រាប់ឪពុកថាម៉ាក់របស់ខ្លួនហាក់មិនសូវគិតគូរមើលថែខ្លួន(កូន)ទេ»។
គ្រាន់តែឮកូនពោលដូច្នេះបុរសជាឪពុកក៏សួរនាំអតីតប្រពន្ធ រហូតតឹងសរសៃក៏បង្កជាជម្លោះឈានដល់ផ្ទុះហិង្សារតែម្ដងបើតាមប្រភពពដដែលបានបញ្ជាក់ថាពេលដែលមានការប្រទូស្ដរ៉ាយគ្នាអតីតប្ដីបានវាយដំលើអតីតប្រពន្ធឡើងជាំមុខ និងប្រើកាំបិតចាក់ត្រូវក្បាលបណ្ដាលឲ្យមានររបួសទៀតផងប៉ុន្តែក្រោយផ្ទុះជម្លោះសមត្ថកិច្ចក៏បានចុះមកចាប់ខ្លួនបុរសនោះយកទៅភ្លាមៗតាមបណ្ដឹងរបស់អតីតភរិយា។
ជុំវិញការចាប់ខ្លួនបុរសឈ្មោះ វ៉ូ យកទៅឃុំឃាំងនៅអធិការស្រុកក្រោមបទចោទប្រើអំពើហិង្សានេះបើតាមក្រុមគ្រួសារជនសង្ស័យបានប្រាប់ថាអតីតប្រពន្ធឈ្មោះ វិន វ៉ាន់លឿប បានប្ដឹងទារសំណងចំនួន២.០០០ដុល្លារពីអតីតប្ដី។
ប៉ុន្តែនៅក្នុងអំឡុងនៃការឃុំខ្លួននោះមន្ត្រីជំនាញមិនអនុញ្ញាតឲ្យក្រុមគ្រួសារជនសង្ស័យឬជនសង្ស័យជួបជាមួយដើមបណ្ដឹងដើម្បីចរចាសំណងទេគឺអ្វីៗស្ថិតនៅលើសមត្ថកិច្ចដែលសួរចម្លើយនោះជាអ្នកចាត់ចែងទាំងអស់បើទោះជាភាគីខាងជនសង្ស័យទទូចសុំចរចាសំណងជាមួយដើមបណ្ដឹងយ៉ាងណាក្ដី ។
សាច់ញាតិជនសង្ស័យម្នាក់និយាយថាសមត្ថកិច្ចបានព្យាយាមគ្រប់បែបយ៉ាងមិនឲ្យភាគីទាំង២ជួបនិយាយគ្នាម្ដាយជនសង្ស័យបានព្យាយាមសុំបន្ធូរបន្ថយសំណងតែត្រូវរារាំងដោយសមត្ថកិច្ចមន្ត្រីនោះបានអះអាងជំនួសដើមបណ្ដឹងថាដើមបណ្ដឹងមិនព្រមទេគឺត្រូវតែបង់គ្រប់ចំនួន២.០០០ដុល្លា។
ប្រភពដដែលនេះបានរៀបរាប់ដែរថារយៈពេលនៃការឃុំខ្លួនជនសង្ស័យប៉ុន្មានថ្ងៃនោះគឺម្ដាយជនសង្ស័យបានព្យាយាមច្រើនលើកច្រើនសារដើម្បីសុំជួបដើមបណ្ដឹងតែសមត្ថកិច្ចនៅតែទប់ស្កាត់មិនឲ្យភាគីទាំង២ជួបគ្នាដដែលមិនតែប៉ុណ្ណោះសមត្ថកិច្ចបានបង្ខំដដែលឲ្យម្ដាយជនសង្ស័យលក់ម៉ូតូ ដើម្បីយកលុយទៅបង់ឲ្យភាគីរងគ្រោះទៀតផង ។
ប្រភពបានបន្ថែមថាដោយសារអស់តំរិះម្យ៉ាងសមត្ថកិច្ចចេះតែគំរាមដដែលថានឹងបញ្ជូនជនសង្ស័យទៅដាក់គុកយ៉ាងតិច៥ឆ្នាំដោយមិនចាំបាច់ឆ្លងកាត់ស្នងការខេត្តឬតុលាការឡើយ ធ្វើឲ្យម្ដាយជនសង្ស័យកាន់តែភ័យខ្លាចទើបគាត់សម្រេចយកម៉ូតូកូនទៅបញ្ចាំគេបានប្រាក់ចំនួន១.០០០ដុល្លារនិងដើរសំពះអង្វរខ្ចីបុលគេបានចំនួន១.៤០០ដុល្លារទៀតដើម្បីយកទៅបង់ជូនលោកសមត្ថកិច្ច។
ប្រភពដែលគួរឲ្យជឿជាក់នេះបានបញ្ជាក់ថាក្នុងចំណោមទឹកប្រាក់ចំនួន២.៤០០ដុល្លារនេះគឺត្រូវបង់ឲ្យអតីតប្រពន្ធចំនួន២.០០០ដុល្លារនិងបង់ឲ្យលោកមន្ត្រីជំនាញចំនួន៤០០ដុល្លារ ។
ប៉ុន្តែលោកមន្ត្រីជំនាញមិនស្ងប់ទេគាត់បានទាមទារប្រាក់ពីជនរងគ្រោះចំនួន៥០០ដុល្លារបន្ថែមទៀតតាមមហិច្ឆតារបស់គាត់។
ដូច្នេះសរុបលទ្ធផលមកជនសង្ស័យខាតបង់ចំនួន២.៤០០ដុល្លាររីឯជនរងគ្រោះទទួលបានសំណង១.៥០០ដុល្លារខណៈលោកមន្ត្រីជំនាញទទួលបានប្រាក់ចំណូល៩០០ដុល្លារគត់ក្នុងរយៈនៃការឃុំខ្លួនមនុស្ស៣យប់៣ថ្ងៃនេះ ក្រោយពីទទួលប្រាក់គ្រប់ចំនួន២.៤០០ដុល្លារទើបសមត្ថកិច្ចព្រមដោះលែងជនសង្ស័យឈ្មោះ វ៉ូ នៅវេលាម៉ោងជាង២រសៀលថ្ងៃទី៣១ធ្នូ២០១៩ឱ្យមានសេរីភាពវិញ ។
ជុំវិញការចោទប្រកាន់នេះខាងសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ឡុង យោធាវីរៈ អធិការស្រុកឯកភ្នំបានភ្លាមៗទេ នៅព្រឹកថ្ងៃទី០២មករាឆ្នាំ២០២០នេះ ។
ប៉ុន្តែទំនងជាដឹងថាសំណុំរឿងសម្ងាត់នេះត្រូវបានបែកធ្លាយ ស្រាប់តែលោក ឡម ឡាន អធិការរងទទូលផ្នែកព្រហ្មទណ្ឌ នៃអធិការស្រុកឯកភ្នំបានស្ទុះស្ទារទូរស័ព្ទមកបំភ្លឺប្រាប់នៅម៉ោង៧និង២៤នាទីយប់ថ្ងៃទី០១មករាថាពិតជាមានរឿងដូចខាងលើនេះមែនតែខ្ញុំមិនបានបង្ខំទារប្រាក់ពីជនសង្ស័យទេ គឺជនរងគ្រោះជាអ្នកទាមទារគឺទារហូតដល់ចំនួន៣.០០០ដុល្លារឯណោះតែជួយសម្រួលបានត្រឹម២.០០០ដុល្លារ»។ លោកអធិការរងរូបនេះបានទទួលស្គាល់ថាលោកពិតជាបានទទួលយកប្រាក់ទាំងនោះមែនតែប្រាក់ទាំងនោះគឺជាប្រាក់មនោសញ្ចេតនាដូច្នេះលោកមិនបានបង្ខំទាមទារឡើយ ។
លោក ឡាម ឡាន បាននិយាយអំពីនីតិវិធីនៃការឃាត់ខ្លួនមនុស្សថាតាមពិតការឃាត់ខ្លួនជនសង្ស័យក្នុងរយៈ៣យប់៣ថ្ងៃនោះមិនទាន់ហួសនីតិវិធីទេព្រោះ១យប់ដំបូងឃាត់នៅត្រឹមប៉ុស្តិ៍រដ្ឋបាលនិង២យប់ចុងក្រោយឃាត់នៅអធិការ អញ្ចឹងមិនទាន់គ្រប់ចំនួនម៉ោងនៅឡើយទេ ។
ចំពោះការបង្ខំទារប្រាក់វិញលោកអធិការរងបានបំភ្លឺថា លោកមិនបានរារាំងភាគីទាំង២មិនឲ្យជួបគ្នានោះទេផ្ទុយទៅវិញមានតែលោកព្យាយាមឲ្យពួកគេជួបចរចាគ្នាបញ្ចប់រឿង ហើយលោកបានព្យាយាមជួយជនសង្ស័យកុំឲ្យជាប់គុក ។
ប៉ុន្តែយ៉ាងណាលោកបានសារភាពទទួលកំហុសថាក្នុងអំឡុងពេលនៃការឃាត់ខ្លួនជនសង្ស័យនោះខ្ញុំពិតជាមិនបានរាយការណ៍ជួនលោកស្នងការនិងលោកព្រះរាជអាជ្ញាបានជ្រាបមែនមូលហតុដែលខ្ញុំមិនបានរាយការណ៍ជួនដោយគិតថានឹងពិបាកក្នុងការដោះស្រាយមិនចង់ឲ្យជនសង្ស័យជាប់គុកទើបសម្រេចចិត្តខុសមួយពេលបែបនេះ។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្តបានបញ្ជាក់ប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងរឿងនេះទេព្រោះលោកអធិការស្រុកឯកភ្នំនេះមិនបានរាយការណ៍ឲ្យដឹងនៅពេលឃាត់ខ្លួនមនុស្ស។
លោកស្នងការរងបានបញ្ជាក់ដូច្នេះថាបើមិនសួរនាំទេខ្ញុំពិតជាមិនបានដឹងមែនហើយបើមានការឃុំខ្លួនរយៈពេលយូរបែបនេះអាចខុសនឹងនីតិវិធីហើយដូច្នេះរឿងនេះអ្នកណាធ្វើត្រូវតែទទួលខុសត្រូវខ្លួនឯងហើយយ៉ាងណាក៏ដោយបើតាមមន្ត្រីជំនាញដទៃទៀតសុទ្ធតែបានចាត់ទុកការឃុំខ្លួនមនុស្សដែលធ្វើឡើងដោយអធិការស្រុកឯកភ្នំខាងលើនេះ ពិតជាផ្ទុយនិងនីតិវិធីច្បាប់មែន ៕



