ពោធិ៍សាត់៖ គ្រូពេទ្យគ្មានជំនាញពិតប្រាកដត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តពោធិ៍សាត់បន្ទាប់ពីចាក់ថ្នាំបណ្តាលឲ្យអ្នកជម្ងឺម្នាក់ស្លាប់ក្នុងរយៈពេលតែ១០នាទីប៉ុណ្ណោះឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ខែខែមករាឆ្នាំ២០២០នៅចំណុចភូមិអូរបាក់ត្រាឃុំព្រងិលស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះ គាត ម៉ៅ ភេទប្រុសអាយុ៧៤ឆ្នាំរស់នៅភូមិស្ទឹងកំបុតឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់និងក្រុមគ្រួសារបានចេញពីភូមិរបស់គាត់មកស្នាក់នៅក្នុងភូមិអូរបាក់ត្រាឃុំព្រងិលស្រុកភ្នំក្រវាញក្នុងគោលបំណងចាំចំការរបស់គាត់ ខណៈនោះរូបគាត់ក៏ចាប់ផ្តើមមានជម្ងឺចុកដើមទ្រូងក្រុមគ្រួសារក៏បញ្ជូនមកព្យាបាលនៅផ្ទះគ្រូពេទ្យឈ្មោះ ឈុំ វណ្ណី គ្រូពេទ្យរូបនេះក៏សម្រេចទទួលការពិនិត្យព្យាបាលដោយចាក់ថ្នាំចំនួន៤ម្ជុលទៅក្នុងខ្លួនជនរងគ្រោះបានរយៈពេលប្រមាណជា១០នាទីក្រោយមកជនរងគ្រោះស្រាប់តែឡើងស្លេះពេញបំពង់ករភ្លាមៗនោះជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់មួយរំពេចរហូតដល់ថ្ងៃទី១៥ខែមករា ឆ្នាំ២០២០ព្រឹកមិញនេះក៏បែកធ្លាយរឿងនេះដល់សមត្ថកិច្ចចុះដល់កន្លែងកើតហេតុតែម្តង ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងទទួលបន្ទុកការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាការស្លាប់របស់ជនរងគ្រោះឈ្មោះ គាត ម៉ៅ បណ្តាលមកពីគ្រូពេទ្យទទួលព្យាបាលគ្មានច្បាប់អនុញ្ញាតិឲ្យព្យាបាលជម្ងឺពីក្រសួងសុខាភិបាលនិងគ្មានសញ្ញាប័ត្រត្រឹមត្រូវក្នុងការព្យាបាលទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បែបនេះ ។
លោក ម៉ូ លីដាបានបន្តថា ក្រោយពីសមត្ថកិច្ចពិនិត្យធ្វើកោសល្យវិច្ឆ័យយ៉ាងយកចិត្តទុកដាក់ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយករណីគ្រូពេទ្យឈ្មោះ គាត ម៉ៅ ព្យាបាលដោយចាក់ថ្នាំបណ្តាលឲ្យជនរងគ្រោះស្លាប់ដោយអចេតនា សាកសពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
ចំណែកគ្រូពេទ្យគ្មានច្បាប់អនុញ្ញាតិនោះសមត្ថកិច្ចក៏សាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

