ភ្នំពេញៈ កាលពីររសៀលថ្ងៃទី២៥មករាឆ្នាំ២០២០កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យជាជនជាតិវៀតណាម៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីចាប់ជនជាតិវៀតណាមដូចគ្នាបង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ចំនួន៣០០លានដុងបន្ទាប់ពីពួកគេចាញ់ល្បែងកាស៊ីណូនៅក្រុងបាវិតខេត្តស្វាយរៀង ។
សេចក្តីរាយការណ៍បន្តថាជនសង្ស័យ១-ឈ្មោះ Le Minh Luan ភេទប្រុស អាយុ៣៩ឆ្នាំ ២-ឈ្មោះ Nguyen Minh Thien ភេទប្រុស អាយុ៣៩ឆ្នាំ និង៣-ឈ្មោះ Trung Thenh Toan ភេទប្រុស អាយុ២៣ឆ្នាំពួកគេមានអាស័យដ្ឋាននៅប្រទេសវៀតណាម ។
ចំណែកជនរងគ្រោះមានឈ្មោះ Phom Quang Dung ភេទប្រុសអាយុ៥៧ឆ្នាំក៏មានអាស័យដ្ឋាននៅប្រទេសវៀតណាមដែរ ។
ទាក់ទិនករណីខាងលើនេះលោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបង្ហាញឲ្យដឹងថាកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២០ក្រុមគ្រួសារជនរងគ្រោះបានឡើងមកប្តឹងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិទម្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌថាមានករណីចាប់បង្ខាំមនុស្សគម្រាមទារប្រាក់ចំនួន៣០០លានដុងជាថ្នូនឹងការដោះលែងជនរង គ្រោះវិញ ។
ក្រោយពីទទួលបានពាក្យបណ្តឹងនោះលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានរាយការជូនថ្នាក់លើជាបន្តបន្ទាប់ដោយមានការយកចិត្តទុកដាក់ពីសំណាក់នាយឧត្តមសេនីសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនឹងលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងរងនឹងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍បានដាក់បទបញ្ជាមកកម្លាំងជំនាញព្រហ្មទណ្ឌឲ្យចុះសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វេីការស៊ើបអង្កេតលើករណីខាងលើនេះ ។
ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងនគរបាលមូលដ្ឋានខណ្ឌ៧មករានៅវេលាថ្ងៃត្រង់ថ្ងៃទី២៤ខែមករាកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌបានកំណត់ទីតាំងដែលជនសង្ស័យចាប់ជនរងគ្រោះ យកទៅឃុំទុកដើម្បីជម្រិតទារប្រាក់រហូតឈានដល់ការបង្ក្រាបនឹងចាប់ខ្លួនជនឧក្រិដ្ឋចំនួន៣នាក់នឹងរំដោះជនរង គ្រោះម្នាក់នៅក្នុងផ្ទះសំណាក់ ហេង ឡុង បន្ទប់លេខ៤០៦ ជាន់ទី៤ភូមិ៤ផ្លូវលេខ១១១សង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្តកិច្ចឲ្យដឹងថាតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ Phom Quang Dung ថា កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ខ្លួនបានមកលេងល្បែងស៊ីសងនៅកាស៊ីណូក្រុងបាវិតពេលលេងចាញ់អស់លុយត្រូវជនសង្ស័យទាំង៣នាក់ខាងលើបញ្ចុះបញ្ចូលនឹងនាំឲ្យមកលេងល្បែងឡុកឡាក់នៅកាស៊ីណូណាហ្គាវើលភ្នំពេញដោយពួកគេធានាមានប្រាក់ឲ្យខ្ចីពេលមកដល់ភ្នំពេញជនសង្ស័យបានឲ្យគេខ្ចីប្រាក់ចំនួន១០០០០ ដុល្លារអាមេរិកដើម្បីបានលេងល្បែងស៊ីសងទាំងអស់គ្នា ។
លុះពេលលេងចាញ់អស់លុយចំនួន៦៥០០ដុល្លារអាមេរិក ខ្លួនក៏ឈប់លេងទៅហើយរូបគេនឹងជនសង្ស័យបាននាំគ្នាទៅស្នាក់នៅផ្ទះសំណាក់មួយដែលគេមិនស្គាល់ពេលទៅដល់ផ្ទះសំណាក់ស្រាប់តែជនសង្ស័យបានវាយរូបគេធ្វើទារុណកម្មនឹងបង្អត់បាយហើយបានទូរស័ព្ទទៅគម្រាមអ្នកផ្ទះរបស់ខ្លួននៅប្រទេសវៀតណាមទាមទារប្រាក់១២ ០០០ដុល្លារអាមេរិកជាថ្នូនឹងការដោះលែងខ្លួនទៅវិញបើមិនដូច្នោះទេពួកគេនឹងកាត់ដៃកាត់ជើងថែមទាំងសម្លាប់ចោលទៀតផង ។
នៅចំពោះមុខសត្តកិច្ចជនសង្ស័យ៣នាក់បានសារភាពប្រហាក់ប្រហែលគ្នាថាដំបូងឡើយពួកគេនឹងជនរងគ្រោះ បាននាំគ្នាពីប្រទេសវៀតណាមមកលេងល្បែងស៊ីសងនៅកាស៊ីណូណាហ្គាវើលក្រុងបាវិតខ្លះក៏ចាញ់អស់នឹងខ្លះក៏នៅសល់លុយតិចតួចបានបបួលគ្នាមកលេងនៅភ្នំពេញទៀតដើម្បីស្រង់ដើមក្រែងបានវិញខ្លះ ។
ពេលមកដល់ភ្នំពេញឈ្មោះ Phom Quang Dung (ជនរងគ្រោះ) អត់មានលុយលេងល្បែងនឹងគេទេហើយក៏បានខ្ចីពួកគេទាំង៣នាក់សរុបជាង១ម៉ឺនដុល្លារអាមេរិកលុះពេលចាញ់អស់គ្មានប្រាក់សង ។
បន្ទាប់មកពួកគេក៏បាននាំគ្នាទៅស្នាក់នៅផ្ទះសំណាក់ ហេង ឡុង នឹងបានបង្ខំចិត្តធ្វើទារុណកម្មជនរងគ្រោះហើយបានទូរស័ព្ទទៅគម្រាមក្រុមគ្រួសារដើម្បីទាមទារយកប្រាក់ជំពាក់១២ ០០០ដុល្លារអាមេរិក (ស្មើ៣០០លានដុង)នោះវិញ ។
ប៉ុន្តែប្រាក់មិនទាន់បានដល់ដៃផងពួកគេក៏ត្រូវកម្លាំងសមត្តកិច្ចទៅឡោមព័ទចាប់ខ្លួនតែម្តងទៅ ។
ករណីដូចការបំភ្លឺរបស់ជនរងគ្រោះនឹងចម្លើយសារភាពរបស់ជនសង្ស័យសមត្តកិច្ចបានធ្វើការសន្និដ្ឋានថានេះជាអំពើបង្ខាំមនុស្សដោយខុសច្បាប់ ក្នុងគោលបំណងគម្រាមជម្រិតទារប្រាក់ពិតប្រាកដមែនដូច្នោះសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕


