កំពង់ឆ្នាំង: អាជ្ញាធរក្រុងកំពង់ឆ្នាំងបានដាក់កំណត់ឱ្យប្រជាពលរដ្ឋ១២គ្រួសារដែលកំពុងរស់នៅផ្ទះល្វែងដែលបានកសាងក្នុងឆ្នាំ១៩៣១នៅចំណុចផ្សារឆ្នាំងចាក់ចេញជាបន្ទាន់ ព្រោះតែសំណង់ផ្ទះលែ្វងដែលសាងសង់ក្នុងសម័យអាណានិគមន៍បារាំងមានសភាពទ្រុឌទ្រោមក្រែងកើតមានគ្រោះថ្នាក់ថ្ងៃណាមួយជាយថាហេតុតែពួកគាត់មិនព្រមចេញពីទីតាំងនេះបេីគិតទៅអស់រយះពេល៧ខែហេីយដែលបានចេញសេក្តីជួនដំណឹង។
សេចក្តីរាយការណ៍បន្តថាប៉ុន្តែរហូតមកដល់ពេលនេះប្រជាពលរដ្ឋទាំង១២គ្រួសារនៅមិនទាន់ចាកចេញអស់នៅឡើយទេយ៉ាងនេះក្តីអាជ្ញាធរក្រុងកំពង់ឆ្នាំងក៏មិនដឹងធ្វើម្តេចដែរ ព្រោះតែពួកគាត់អះអាងថាជាកម្មសិទ្ធិរបស់គាត់តែពួកគាត់គ្មានលទ្ធភាពធ្វើថ្មីបាន ។
សូមរំឮកថាយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំងបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើសំណង់អគារលេខ១៣ល្វែងចាប់ពីអគារលេខB134ដល់B147ដែលមានប្រជាពលរដ្ឋ១២គ្រួសារកំពុងរស់នៅបានបញ្ជាក់ថាតាមមន្ត្រីជំនាញដែលបានចុះធ្វើការសិក្សាស្រាវជ្រាវនៅអគារខាងលើនេះអាចនឹងបាក់ស្រុត រលំនៅថ្ងៃណាមួយជាមិនខានព្រោះតែអគារនេះមានអាយុកាលប្រមាណជិត១០០ឆ្នាំទៅហើយថែមទាំងមានសភាពពុកផុយដោយកន្លែងទៀតផង ។
ហេតុនេះហើយសូមបងប្អូនប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅត្រូវចាកចេញដោយមិនត្រូវដេកមិនត្រូវចូលជ្រកឬសម្រាកឡើយនិងសូមផ្អាកធ្វើអាជីវកម្មលក់ដូរចាប់ពីថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩តទៅក៏ប៉ុន្តែគិតមកដល់ពេលនេះជាង៧ខែទៅហើយប្រជាពលរដ្ឋទាំងនោះនៅមិនទាន់ចាកចេញនៅឡើយទេ ។
អភិបាលក្រុងកំពង់ឆ្នាំងលោក យិន សាវ៉េន កាលពីរសៀលថ្ងៃទៅ២៨មករា២០២០បានប្រាប់ភ្នាក់ងារយើងតាមទូរស័ព្ទថា រដ្ឋបាលសាលាក្រុងកំពង់ឆ្នាំងបានជូនដំណឹងដល់អ្នករស់នៅលើផ្ទះល្វែងដែលមានអាយុកាលដ៏ចំណាស់នេះហើយប៉ុន្តែបើប្រជាពលរដ្ឋមិនព្រមចេញលោកមិនដឹងធ្វើម៉េចដែរបើមានគ្រោះថ្នាក់សូមកុំបន្ទោសអាជ្ញាធរព្រោះអាជ្ញាធរបានជូនដំណឹងដល់ពួកគាត់រួចហើយ ។
យ៉ាងនេះក្តីតាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកនៅតែអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋកំពុងស្នាក់នៅក្នុងអគារខាងលើនេះ សូមមេត្តាចាកចេញរកកន្លែងស្នាក់នៅបណ្តោះអសន្នហើយសហការគ្នាវាយអគារចាស់ចោលរួចធ្វើអគារថ្មីជាកម្មសិទ្ធិផ្ទាល់ខ្លួនចុះព្រោះក្នុងចំណោមផ្ទះទាំង១៣ល្វែងមានមួយភាគជាអគាររបស់រដ្ឋដែលអាជ្ញាធរខេត្តទើបសុំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរួចហើយដែរដើម្បីប្រគល់ជូនអ្នកដែលបានកាន់កាប់តាំងពីដើមមក ។
គួររំលឹកដែរថាអគារផ្ទះល្វែង១៣ល្វែងខាងលើនេះគឺកសាងសម័យអាណានិគមនិយមបារាំងក្នុងឆ្នាំ១៩៣១មកដល់ពេលនេះមានអាយុកាល៨៩ឆ្នាំហើយកំពុងមានសភាពទ្រុឌទ្រោមជាខ្លាំង៕

