ភ្នំពេញ: បុរសម្នាក់បានតូចចិត្តរឿងប្រពន្ធជាទីស្រឡាញ់ស្មើរជីវិតបែរជាដាច់ចិត្តផិតក្បត់ទៅមានប្រុសថ្មីចោលរូបគាត់ក៏សម្រេចចិត្តរត់ឡើងលើដងសន្ទូចសម្រាប់ស្ទូចសម្ភារៈសំណង់នៅការដ្ឋានសំណង់មួយកន្លែងប៉ុនប៉ងលោតទម្លាក់ខ្លួនពីលើចុះប៉ុន្តែមិនសម្រេចដោយសារកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅលួងលោមឲ្យចុះមកវិញបង្កឲ្យឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២០នៅចំណុចការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលថ្នល់បំបែកចោមចៅស្ថិតក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសខាងលើនេះឈ្មោះ សារុន ឈីត អាយុ៣១ឆ្នាំមុខរបរជាកម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ក្នុងបុរីអ័រគីដេ សង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញនិងមានស្រុកកំណើតនៅក្នុងភូមិស្វាយសុខោសង្កាត់ជើងទឹកខេត្តព្រៃវែង។
បើតាមបុរសរូបនេះបានប្រាប់ថាគាត់មានបំណងចង់លោតទម្លាក់ខ្លួនពីលើដងសន្ទូចខាងលើដើម្បីបញ្ចប់ជីវិតឱ្យផុតរលត់ពីលើលោកនេះដោយសារតែតូចចិត្តទៅនឹងរឿងប្រពន្ធផិតក្បត់ទៅមានប្រុសថ្មីចោលគាត់។
បុរសនេះប្រាប់បន្តទៀតថាកាលពីពេលកន្លងទៅគាត់បានទៅធ្វើការនៅឯប្រទេសថៃហើយបានមានប្រពន្ធជាជនជាតិខ្មែរនៅទីនោះនិងបានរួមរស់នៅយ៉ាងកំសត់កម្រជាមួយគ្នា រហូតបង្កើតបានកូនស្រី២នាក់ថែមទៀតផង ។
ប៉ុន្តែក្រោយមកស្រាប់តែក្ដីស្រឡាញ់និងភាពផ្អែមល្ហែមបាត់អស់ដោយសារប្រពន្ធមានចិត្តសាវាផិតក្បត់លួចលាក់មានប្រុសនិងបានរត់តាមប្រុសថ្មីចោលគាត់បាត់ ។
បុរសរូបនេះបន្តថាដោយសារតែមានរឿងដ៏គួរឲ្យឈឺចាប់បែបនេះហើយទើបធ្វើឲ្យគាត់តូចចិត្តយ៉ាងខ្លាំងរហូតលែងចង់រស់នៅតទៅទៀតក៏បានឡើងទៅលើដងសន្ទូចខាងលើបម្រុងលោតទម្លាក់ខ្លួនប៉ុន្តែមិនដាច់ចិត្តដោយសារតែនគរបាលស្រែកឲ្យចុះទើបគាត់ចុះមកវិញ។
តាមប្រភពពីអ្នកឃើញហេតុការណ៍បានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសរូបនេះដើរនៅក្បែរការដ្ឋានសំណង់ស្ពានអាកាសរង្វង់មូលថ្នល់បំបែកចោមចៅ បន្ទាប់មកក៏ស្ទុះរត់ឡើងទៅលើដងសន្ទូចសម្រាប់ស្ទូចយោងសម្ភារៈសំណង់នោះយ៉ាងលឿនពេលឃើញបែបនេះក្រុមជាងដែលស្ថិតនៅលើដងសន្ទូចនោះបានស្រែកឲ្យចុះព្រោះខ្លាចធ្លាក់ប៉ុន្តែបុរសនេះមិនព្រមចុះឡើយដែលជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។
ប្រភពដដែលបន្តថាលុះរហូតដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញនគរបាលប៉ុស្តិ៍ចោមចៅក៏បានចុះទៅលួងលោមទើបព្រមចុះបន្ទាប់មកនគរបាលបាននាំបុរសនេះទៅសួរនាំនៅប៉ុស្តិ៍ដឹងរឿងហើយ រួចបានប្រគល់បុរសនេះទៅឲ្យបងប្អូននាំយកត្រឡប់ទៅវិញ៕

