រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធីដង្ហែរអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

រដ្ឋបាលខេត្តកំពតបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំកម្មវិធីដង្ហែរអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពត:​ ដើម្បីជាការឆ្លើយតបនិងសម្ដែងការអបអរសាទរ​ចំពោះមោទ​នភាពនៃលទ្ធផលដែលក្រុងកំពតទទួលបានជ័យលាភីពាន​រង្វាន់ទីក្រុងស្អាតអាស៊ាននៅក្នុងរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ា​ន់ប្រទេសប្រុយណេក្រោមកិច្ចដឹកនាំប្រតិភូចូលរួមទទួលដោយឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

នារសៀលថ្ងៃពុធ៥កើតខែមាឃឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៩ខែមករាឆ្នាំ២០២០រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំមួយស្ដីពីការត្រៀមរៀបចំពិធីដង្ហែរពាន​រង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត។

Sponsor

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើទីតាំងប្រារព្ធពិធីការដង្ហែតាមដងផ្លូវនិងសមាសភាពអ្នកចូលរួមដែលគ្រោងសរុប មានចំនួនប្រមាណជាង២០០០នាកដែលនឹងសម្រេចធ្វើក្បួនដង្ហែនេះនៅថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២០។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្តបានលើកបញ្ជាក់ថា៖នេះគឺជាមោទនភាពថ្មីមួយទៀត សម្រាប់កម្ពុជាយើងដោយទីក្រុងទេសចរណ៍របស់កម្ពុជា​ចំនួន៣រួមមានទីក្រុងកំពត ខេត្តកំពត ទីក្រុងតាខ្មៅ ខេត្តកណ្ដាល និងខណ្ឌដូនពេញ (រាជធានីភ្នំពេញ)បានទទួលជ័យលាភី ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននៅក្នុងពិធីចែកជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានដែលបាន​ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២០កន្លងទៅថ្មីៗនេះនៅក្នុងរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ប្រទេសប្រុយណេ។

ដូច្នេះដើម្បីឲ្យកម្មវិធីនៃការដង្ហែរពានរង្វាន់ជ័យលាភីនេះប្រពឹត្តទៅដោយភាពសមរម្យនិងមានលក្ខណៈល្អប្រសើរនោះសូមអាជ្ញាធរក្រុងនិងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យការរៀបចំពិធីនេះទទួល​បានលទ្ធផលប្រកបដោយភាពរលូននឹងរក្សាបាននូវសណ្ដាប់ធ្នាប់ល្អឆ្លើយតបបាននិងភាពស័ក្កសមដែលយើងទាំងអស់គ្នាទាំងអាជ្ញាធរ ខេត្ត ក្រុង និងមន្ទីរអង្គភាពរួមនិងប្រជាពលរដ្ឋ ក្នុងខេត្តបានចូលរួមខិតខំក្នុងការទទួលបាននូវលទ្ធផលជ័យលាភីទីក្រុងស្អាតអាស៊ាននេះ។

សូមបញ្ជាក់ថាជ័យលាភីទីក្រុងស្អាតអាស៊ាននេះត្រូវបានរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ប្រគល់ ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់។ ក្នុងនោះម្ចាស់ជ័យលាភីសំរាប់កម្ពុជាយើងមានទីក្រុងកំពតខេត្តកំពត ទីក្រុងតាខ្មៅខេត្តកណ្ដាល និងខណ្ឌដូនពេញរាជធានីភ្នំពេញ។
ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជម្រុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ានត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដារនេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបាននឹងកំពុងជម្រុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។