មណ្ឌលគិរី: បុរសម្នាក់ដែលជាព្រានព្រៃប្រមាញ់សត្វស្វាកន្ទុយ ស ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរីបានសម្រេចឃុំខ្លួនកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០នេះហើយ ។
សេចក្តីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ពាក់ព័ន្ធករណីបរបាញ់សត្វស្វាកន្ទុយ ស ខាងលើនេះគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣តាមបញ្ញត្តិនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិនិងបទកាន់កាប់អាវុធដោយខុសច្បាប់តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
សេចក្តីរាយការណ៍បន្តថាជនត្រូវចោទខាងលើនេះឈ្មោះ លី ឯក ភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅបច្ចុប្បន្នរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាចាប់ឃាត់ខ្លួនបានជាមួយវត្ថុតាងជាក់ស្ដែងខណៈជននេះបានបាញ់សត្វស្វាកន្ទុយ.ស១ក្បាល (ងាប់) រួចដឹកតាមម៉ូតូកាលពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០នៅត្រង់ចំណុចភ្នំស្រឡៅស្ថិតក្នុងភូមិពូហ្សាមឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគិរីក្នុងដែនជម្រកសត្វព្រៃកែវសីមា។
បច្ចុប្បន្នសំណាកសត្វស្វាកន្ទុយ.សត្រូវបានដុតកម្ទេចរីឯវត្ថុតាងជាក់ស្ដែង(ម៉ូតូ១គ្រឿងនិងអាវុធ១ដើម)ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ចំណែកជនជាប់ចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ៕


