កំពង់ស្ពឺ: កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ដិ៍រលាំងចកឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជំនាញខាងលួចគោអ្នកស្រុកកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៨និង១៥នាទីយប់ដែលកំពុងតែធ្វើសកម្មភាពលួចគោអ្នកស្រុកដាក់លើឡានបម្រុងដឹកយកទៅលក់ ។
ក្នុងការឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយពាក្យថាពួកខ្លួនពិតជាបានបើកឡានដើរលួចគោអ្នកស្រុកពិតប្រាកដមែន ដែលនេះមិនមែនជាលើកទី១នោះទេ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឌី សៀ ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិអន្លង់គង់ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺនិងឈ្មោះ កូយ ហេង ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិមហាលំពាំងទី១ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមជនសង្ស័យត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួចគោជាច្រើនក្បាលរបសប្រជាពលរដ្ឋក្នុងនោះមានគោញីចំនួន១ក្បាលសម្បុរក្រហមស្នែងពករបស់ឈ្មោះ ថែម គន្ធា ភេទស្រីអាយុ៣៨ឆ្នាំរស់នៅភូមិពោធិ៍ឃុំរលាំងចកស្រុកសំរោងទងខេត្តកំពង់ស្ពឺដែលបានបាត់កាលពីវេលាម៉ោង១៥និង០០នាទីនាថ្ងៃខែខាងលើ ។
ប្រភពបានឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្ចាស់គោរួចមកសមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ ឌី សៀ មកសាកសួរ ។
ប្រភពបន្តថាក្រោយពេលសាកសួរឈ្មោះ ឌី សៀ បានឆ្លើយសារភាពថាគោខាងលើខ្លួនបានធ្វើសកម្មភាពលួចនៅចំណុចខាងលិចភូមិអន្លង់គង់ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺពិតប្រាកដមែនដោយបើករថយន្តដើរលួច ។
ករណីខាងលើជំនាញផ្នែកព្រហ្មទណ្ឌស្រុកកំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
សមត្ថកិច្ចបានទាក់ទងហៅម្ចាស់គោអោយមកយកទទួលយកទៅវិញអស់ហើយកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០ ៕

