រតនគីរី: នេះជាសកម្មភាពរបស់មេឈ្មួញកាប់បំផ្លាញព្រៃឈេីឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំកំពុងធ្វើឲ្យព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគក្នុងស្រុកតាវែង និងស្រុកអណ្តូងមាសខេត្តរតនគិរីត្រូវប្រឈមនឹងសេចក្តីវិនាសប្រភពពីមន្ត្រីកងរាជអាវុធហត្ថនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរីមួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំដែលជាមន្ត្រីអាវុធហត្ថខេត្តរតនគិរីនៅតែបន្តសកម្មភាពកាប់ឈើប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីព្រៃឈើតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគយ៉ាងពេញបន្ទុកដោយហេតុថាគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់មេឈ្មួញ ណុប ណាក់ ហៅណាក់ក្បាលធំ នោះទេព្រោះឈ្មួញម្នាក់នេះមានខ្នង់បង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរីបានឲ្យដឹងថាតាំងពីលោក គឹម រស្មី នៅធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីរហូតដល់សព្វថ្ងៃដែលលោក ថាវ យ៉េន ធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គឺមេឈ្មួញ ណុប ណាក់ ហៅណាក់ក្បាលធំនៅតែធ្វើសកម្មភាពកាប់ឈើប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពបានឲ្យដឹងទៀតថាបច្ចុប្បន្នលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីកំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមេឈ្មួញ ណុប ណាក់ ហៅណាក់ក្បាលធំនិងដៃគូម្នាក់ទៀតឈ្មោះ ហូវ ជីវ៉ៃ ហៅអាវ៉ៃ បន្តប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើនតែម្តង។ បច្ចុប្បន្នមេឈ្មួញ ណុប ណាក់ ហៅណាក់ក្បាលធំ និងដៃគូឈ្មោះ ហូវ ជីវ៉ៃ រួមដៃគ្នាកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់កន្ទុយនាគតាមច្រកព្រំដែនក្នុងឃុំញ៉ាងស្រុកអណ្តូងមាសយ៉ាងរាលដាល។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តរតនគិរីបានឲ្យដឹងថាប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺមេឈ្មួញ ណុប ណាក់ ហៅណាក់ក្បាលធំនិងបក្ខពួកមិនអាចធ្វើសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់កន្ទុយនាគយ៉ាងមហន្តរាយឡើយ។
ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគក្នុងស្រុកតាវែងនិងស្រុកអណ្តូងមាស ខេត្តរតនគិរី ជាបន្ទាន់។
ដោយសារថារហូតមកដល់ពេលនេះឈ្មួញជាមន្ត្រីអាវុធហត្ថខេត្តរតនគិរី២នាក់ឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំ និង ឈ្មោះ ហូវ ជីវ៉ៃ ហៅអាវ៉ៃ កំពុងបន្តសកម្មភាពបំផ្លាញព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យកន្ទុយនាគហើយលោក ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មិនហ៊ានប៉ះពាល់ពួកគេឡើយ៕

