រតនគីរី: ប្រជាពលរដ្ឋនៅភូមិចំនួន៣ក្នុងខេត្តរតនគីរីបានរអ៊ូរទាំថាពិបាកធ្វើដំណើរលើផ្លូវមួយខ្សែពីស្រុកអូរជុំទៅស្រុកបរកែវដោយសារខែប្រាំងមានសភាពហុយបេីចូលខែវស្សាវិញពេលមានភ្លៀងធ្លាក់ធ្វើឲ្យផ្លូវរអិលជិះមិនកេីត។
ពួកគាត់បានសំណូមពរដល់មន្ទីរអភិវឌ្ឍន៍ជនបទព្រមទាំងស្ថាប័នពាក់ព័ន្ធមេត្តាជួយសម្រួលនិងជួយពិនិត្យមើលស្ថានភាពផ្លូវនេះផងពីព្រោះផ្លូវនេះតាំងពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគីរីបានកែលម្អរួចរាល់រយៈពេល៤ឆ្នាំមកហើយដោយមិនមានការចុះមកមើលថែឬជួសជុលឡើងវិញនោះទេ ។
ផ្លូវកិចុងមានប្រវែង២៦គីឡូម៉ែត្រស្ថិតក្នុងស្រុកអូរជុំនិងស្រុកបរកែវខេត្តរតនគិរីជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទឧបត្ថម្ភដោយមូលនិធិសមាហរណកម្ម ជប៉ុន.អាស៊ាន ជាគម្រោងឆ្នាំ២០១៥បានកែលម្អរួចរាល់នៅឆ្នាំ២០១៦ ។
បច្ចុប្បន្នផ្លូវនេះត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរបន្ទាប់ពីផ្លូវនេះបានកែលម្អរួចរហូតដល់ពេលនេះមានរយៈពេល៤ឆ្នាំមកហើយមិនមានការថែទាំនោះទេ ។
លោក រម៉ាស់ ព្លែង មេឃុំកិចុងស្រុកបរកែវបានឲ្យដឹងថាផ្លូវមន្ទីរអភិវឌ្ឍន៍ជនបទក្នុងឃុំកិចុងមានប្រវែង១២.៥គីឡូម៉ែត្រ ឆ្លងកាត់៣ភូមិគឺភូមិជ្រុង.ភូមិទាននិងភូមិរយ៉ ។
ហើយផ្លូវនេះដែរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីបានស្ថាបនាកាលពីឆ្នាំ២០១៦រហូតដល់បច្ចុប្បន្នមិនឃើញមកថែទាំឬជួសជុលម្ដងណាទេធ្វើឲ្យផ្លូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាពិសេសពិបាកធ្វើដំណើរនៅរដូវវស្សាចំណែករដូវប្រាំងវិញមានសភាពហុយខ្លាំងនិងមានជង្ហុកជ្រៅៗទៀតផងបើទោះជាលោកបានដាក់សំណើរចូលទៅមន្ទីរអភិវឌ្ឍន៍ជនបទនិងលើកឡើងក្នុងវេទិកាសាធារណៈយ៉ាងណាក៏ដោយក៏មិនឃើញគេរវល់អើរពើរដែរ។
ប្រជាពលរដ្ឋក្នុងភូមិជ្រុងក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយបញ្ហាផ្លូវខូចជូនពួកគាត់ផង ។
ចំណែកលោក រចំ ផង់ មេភូមិរយ៉ក៏បានលើកឡើងដែរថា តើលុយថែទាំផ្លូវគេយកទៅណា?បានជាមិនឃើញយកមកចំណាយក្នុងការថែទាំផ្លូវនេះដូច្នេះគាត់សំណូមពរឲ្យជួយថែទាំជួសជុលផ្លូវនេះផងព្រោះមិនឃើញគេមកជួសជុលរយៈពេល៤ឆ្នាំមកហើយ ៕



