ភ្នំពេញ: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញជាលិខិតជូនដំណឹងសារជាថ្មីដោយបានស្នើឲ្យបណ្តាលផលិតកម្មនិងអ្នកសិល្បៈមួយចំនួនឲ្យបញ្ឈប់ការយកបទចម្រៀងដែលជាមរតកដើមនិងទទួលបានការគ្រប់គ្រងកម្មសិទ្ធិបញ្ញាពីម្ចាស់ដើមនិងគ្រួសារមកច្រៀងឡើងវិញដោយមិនមានការអនុញ្ញាត្ត។
ក្រសួងក៏បានព្រមាននឹងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីដែលអ្នកពាក់ព័ន្ធទាំងអស់នោះនៅតែបំពាននិងមិនស្តាប់តាមការណែនាំពីក្រសួងផ្ទុយនឹងច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៨ ចុះថ្ងៃទី៥ខែមីនាឆ្នាំ២០០៣។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានចេញផ្សាយកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០បានឲ្យដឹងថាបើទោះបីកន្លងមកក្រសួងបានពន្យល់ណែនាំនិងផ្សព្វផ្សាយស្តីពីច្បាប់សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលជាច្រើនលើកក៏ដោយក្រសួងនៅតែសង្កេតឃើញបណ្តាអង្គភាពទូផ្សាយក្រុមហ៊ុនផលិតកម្មនិងបុគ្គលមួយចំនួនទាំងនៅក្នុងនិងក្រៅប្រទេសបាននិងកំពុងប្រើប្រាស់ស្នាដៃអក្សរសាស្ត្រសិល្បៈឬដូរតន្ត្រីគ្មានអ្នកទទួលមរតកឬគ្មានមរតកសាសន៍ហើយបង្ហោះតាមបណ្តាញសង្គមនានាដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
មិនតែប៉ុណ្ណោះថែមទាំងបានកែប្រែចំណងជើងឬខ្លឹមសារ ដែលធ្វើឲ្យខូចទម្រង់ដើមអាចនឹងនាំឲ្យមហាជនមានការភាន់ច្រឡំ។
ទង្វើទាំងនេះគឺជាការរំលោភបំពានលើសិទ្ធិសីលធម៌និងសិទ្ធិបេតិភណ្ឌរបស់អ្នកនិពន្ធដូចមានចែងក្នុងមាត្រា៩មាត្រា១៩ មាត្រា២០ មាត្រា២១ និងមាត្រា២២ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធប្រហាក់ប្រហែល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមជម្រាបជូនអ្នកនិពន្ធនិងផលិតករភាពយន្តវីដេអូផលិតករហ្វូណូក្រាមអង្គភាពទូផ្សាយ (វិទ្យុ ទូរទស្សន៍) សិល្បករសិល្បការិនីបណ្តាក្រុមហ៊ុនផលិតកម្មនិងបុគ្គលមួយចំនួនទាំងក្នុងនិងក្រៅប្រទេសដែលបានយកស្នាដៃគ្មានអ្នកទទួលមរតកឬគ្មានមរតកសាសន៍ទៅផលិតឡើងវិញសម្តែងឡើងវិញថតបញ្ចូលទៅជាសោតទស្សន៍ដើម្បីចែកផ្សាយនិងផ្សព្វផ្សាយតាមប្រព័ន្ធទូផ្សាយ និងបណ្តាញសង្គមនានាដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺជាអំពើខុសច្បាប់។
ប្រការនេះអ្នកនិពន្ធម្ចាស់អង្គភាពទូផ្សាយក្រុមហ៊ុនផលិតកម្ម ផលិតករសិល្បករសិល្បការិនីនិងបុគ្គលមួយចំនួនត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានខាងលើ ដើម្បីចូលរួមគោរពច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលទាំងអស់គ្នា។
ក្នុងករណីនៅតែរំលោភបំពានក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ និងវិធានការនានាជាយថាហេតុក្នុងបំណងការពារ និងលើកស្ទួយស្នាដៃដើមនិងបង្កើតស្នាដៃថ្មីៗខាងវិស័យវប្បធម៌ដែលជាផ្នែកមួយក្នុងការជម្រុញឧស្សាហកម្មវប្បធម៌នៅកម្ពុជាឲ្យមានការរីកចម្រើន។
ជាការកត់សម្គាល់ជុំវិញបញ្ហាខាងលើនេះដែរលោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀងមរតកដើមក៏បានសរសេរសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដែរថាអ្នកដែលស្រឡាញ់បទចម្រៀងពីដើមហើយយកមកច្រៀងតាម គ្មានអ្នកណាមិនហាមឃាត់ទេមានតែសប្បាយចិត្តប៉ុន្តែពេលយកមកច្រៀងឱ្យដឹងអត្ថន័យបទប្រុសឬបទស្រីផងកុំចេះតែច្រៀងមិនយល់ន័យ ។
បើចេះតែច្រៀងផ្តេសផ្តាសពេលគេរិះគន់កុំថាគេជាន់ពន្លិច ក្តិចត្រួយស្អីនោះហើយកុំយកពាក្យសិល្បៈមកបិទបាំងការច្រៀងដែលខុសឬបំភ្លៃអត្ថន័យស្នាដៃរៀមច្បងនោះច្រៀងលេងតាមផ្ទះមិនអីទេតែបើច្រៀមតាម Concert តាមហ្វេសបុកឬ Youtube គេឃើញទូលំទូលាយណាស់វានាំឱ្យខូចតម្លៃស្នាដៃដើមឬអ្នកផ្សេងយកទៅច្រៀងតាមខុសបន្តទៀត។
ម្យ៉ាងទៀតបើយកស្នាដៃរៀមច្បងណាដែលតម្កល់កម្មសិទ្ធិបញ្ញានៅក្រសួងរួចហើយទៀតដូចជាស្នាដៃកវីគង្គ ប៊ុនឈឿន លោកឯល ប៊ុនណា លោក អ៊ុក សំអាត និង លោក ស្វាយសំអឿ ជាដើមប្រយ័ត្នគ្រួសារពួកគាត់ប្តឹងច្បាស់ជាវែងឆ្ងាយហើយ ។
គ្រាន់តែរំឮកទេតែអ្នកខ្លះបែរជាយល់ថាខ្ញុំចិត្តចង្អៀតការពារចម្រៀងពីដើមម្លេះ?មិនចង្អៀតទេព្រោះខ្ញុំគ្មានសមត្ថកិច្ចទៅហាមឃាត់ទេច្រៀងចុះនេះគ្រាន់តែសូមសំណូមពរទេ៕




