ក្រុងប៉ោយប៉ែត: មន្ត្រីជំនាញបសុព្យាបាល(ពេទ្យសត្វខេត្ត)ធ្វើការបង្រ្កាបគ្រឿងក្នុងជ្រូកនិងក្រចកជើងខូចគុណភាព ចំនួន១២កេះបំរ៉ុងលួចដឹកនៅពេលយប់បែបអនាធិបតេយ្យ គ្មានច្បាប់ទំលាប់តាមរថយន្តក្រុងវីរៈប៊ុនថាំដែលបានឃុបឃិតជាមួយក្រុមឈ្មួញខិលខូចលួចបង្កប់ក្នុងរថយន្តក្រុង ដើម្បីយកទៅចែកចាយតាមបណ្តាខេត្ត។
ដែលមន្ត្រីជំនាញដឹកនាំដោយលោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុព្យាបាលខេត្តនិងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញធ្វើការបង្រ្កាបនៅទីតាំងរថយន្តក្រុងវីរៈប៊ុនថាំនៅវេលាម៉ោង០៤និង៤០នាទីនៅថ្ងៃទី២១ខែកុម្ភះ ឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្តបានប្រាប់ឲ្យដឹងថាក្នុងការមន្ត្រីជំនាញចុះមកទីតាំងខាងលើនេះក្នុងនាមលោក ជាមន្ត្រីយុត្តិធម៌បសុព្យាបាលខេត្តត្រូវបំពេញតួនាទីបង្រ្កាបរាល់សាច់សត្វនិងផលិតផលដែលចេញពីសាច់សត្វនិងបន្លែ ដែលមានសារធាតុគីមីនិងគ្មានការវេចខ្ចប់ឲ្យបានត្រឹមត្រូវ របស់ក្រុមឈ្មួញដែលតែងតែបង្កប់ក្នុងរទេះដឹកចេញមកនិង ដឹកបន្តតាមរថយន្តក្រុងខាងលើនេះទៅចែកចាយតាមបណ្តាខេត្តផ្សេងៗដោយគ្មានច្បាប់ អនុញ្ញាតិពីមន្ត្រីជំនាញណាមួយនោះឡើយ។
លោកបានបន្តទៀតថាប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ជាប្រមុខថ្នាក់ដឹកនាំលោកតែងតែយកចិត្តទុកដាក់ក្នុងសុខាមាលភាពប្រជាពលរដ្ឋនិងបានឲ្យមន្ត្រីជំនាញខិតខំទប់ស្កាត់ឲ្យខានតែបានរាល់ទំនិញនិងផលិតផលណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមិនឲ្យមានតទៅទៀតនោះឡើយ។
មហាជនបានធ្វើការរិះគន់ផងដែរថាចំពោះកន្លែងទីតាំងរថយន្តក្រុងខាងលើនេះបើគ្មានអ្នកនៅពីក្រោយខ្នងបើកដៃនោះទេគឺមិនអាចទៅរួចនោះដែរហើយក៏មិនមែនមានតែម្តងនោះទេគឺកន្លងមកនេះមានច្រើនដឹកស្ទើតែរៀងរាល់ថ្ងៃយកទៅចែកចាយនៅតាមបណ្តាខេត្តដោយមិនគិតពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះអស់មិនតិចនាក់នោះដែរ។
ចំពោះការចុះបង្រ្កាបរបស់មន្ត្រីជំនាញខាងអង្គភាពយើងនៅមិនទាន់ដឹងថាមានចំនួនប៉ុន្មានគីឡូក្រាមនោះឡើយ៕


