ស្វាយរៀង: សាលារៀនជាកន្លែងថ្នាលបណ្តុះនិងផ្ដល់នូវចំណេះដឹងហើយបច្ចុប្បន្នសាលារៀននៅក្នុងប្រទេសកម្ពុជា គេឃើញមានស្ទើរគ្រប់ទីកន្លែងមិនថាទីប្រជុំជននិងជនបទ ឬតំបន់ដាច់ស្រយាលនៅតាមបណ្ដាខេត្តនានា។
ដោយឡែកសាលាបឋមសិក្សាបីខ្នងនៅក្នុងស្រុកស្វាយទាបដែលនៅមិនឆ្ងាយពីទីរួមខេត្តស្វាយរៀងបច្ចុប្បន្នកំពុងជួបប្រទះនូវការលំបាកខ្វះអាគារសិក្សាជាខ្លាំង។
នេះបើយោងតាមសម្តីលោក អ៊ុំ ឈន នាយកសាលាបឋមសិក្សាសាមគ្គីរង្សីដែលមានទីតាំងជាមួយនឹងវត្តសាមគ្គីរង្សី នៅក្នុងភូមិព្រៃសម្ភ័រឃុំសំបួរស្រុកស្វាយទាបខេត្តស្វាយរៀងបានឲ្យដឹងថាសព្វថ្ងៃសាលាមានអាគារសិក្សាចំនួន៣ខ្នងរួចហេីយ២ខ្នងស្មេីនឹង៨បន្ទប់និង១ខ្នងទៀតមាន៣បន្ទប់ ដែលមានសិស្សជាង៤០០នាក់កំពុងរៀនរាល់ថ្ងៃក្នុងនោះ ១បន្ទប់ធ្វើជាទីចាត់ការនិងបណ្ណាល័យ។
លោកនាយកបន្តថាដោយសារតែមានកំនើនអ្នកចំណូលស្រុកច្រេីនដែលភាគច្រើនជាគ្រួសារកម្មកររោងចក្រដែលមានកូនតូចគ្រប់អាយុចូលរៀនជាហេតុធ្វេីអោយសិស្សមានចំនួនច្រើនពេកបានបណ្តាលឲ្យខ្វះអគារសិក្សាក៏ដូចជាបន្ទប់រៀនជាខ្លាំងទើបសាលាបានរៀបចំឲ្យសិស្សថ្នាក់ខ្លះរៀននៅក្រោមកុដ្ឋលោកសង្ឃជាដើម។
ទោះជាយ៉ាងណាក្តីលោកនាយក នាយករង លោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាសាមគ្គីរង្សីសូមគោរពអំពាវនាវសប្បុរសជននិងថ្នាក់ដឹកនាំសូមមេត្តាជួយឧបត្ថម្ភបន្ថែមទៀតដើម្បីសាលាមានលទ្ធភាពសាងសង់អាគារសិក្សាឱ្យបានមួយខ្នងថែមទៀតដើម្បីឲ្យសិស្ស បានរៀសូត្រឱ្យបានត្រឹមត្រូវផង៕
ចំពោះសប្បុរសជនដែលមានបំណងចង់ជួយឧបត្ថម្ភដល់ សាលាបឋមសិក្សាសាមគ្គីរង្សី អាចទំនាក់ទំនងទូរស័ព្ទចូលក្នុងគេហទំព័យើងខ្ញុំអង្គភាពយើងនឹងយកថវិកានេះទៅជូនដល់លោកនាយកសាលាផ្ទាល់សូមអរគុណ។




