បាត់ដំបង: សមត្ថកិច្ចបានឲ្យដឹងថាជនដែលជិះរថយន្តម៉ាកហាយឡែនឌ័រតាមវាយស្ត្រីម្នាក់ប្លន់យកកាបូបលុយកាលពីយប់ប៉ុន្មានថ្ងៃមុនស្ថិតនៅក្នុងក្រុងបាត់ដំបងនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបានហើយនៅវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២៦កុម្ភៈ២០២០ដោយសមត្ថកិច្ចតាមក្របួចបាននៅឃុំរូងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង។
ក្នុងកាឃាត់ខ្លួននោះគេមិនទាន់បានទម្លាយឱ្យដឹងពីអត្តសញ្ញាណជនសង្ស័យនោះនៅឡើយទេតែបើតាមប្រភពបានឱ្យដឹងថាជនសង្ស័យក្នុងអំពើប្លន់នោះត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តតាមស៊ើបអង្កេតតាមចាប់ខ្លួនបាននៅក្នុងឃុំខាងលើ។
ជនសង្ស័យរូបនោះជិះរថយន្តម៉ាកហាយឡេនឌ័រពណ៌ប្រផេះ(ពណ៌គយ)ហើយត្រូវកម្លាំងជំនាញខាងលើដកហូតបានទាំងរថយន្តនិងវត្ថុតាងដែលជននេះប្លន់បានពីស្ត្រីរងគ្រោះទៀតផង។
សមត្ថកិច្ចបានបញ្ជាក់ថាពេលនេះទាំងជនដៃដល់ទាំងរថយន្ត ត្រូវបាននាំមកដល់ស្នងការខេត្តហើយដើម្បីសួរនាំ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី២២កុម្ភៈឆ្នាំ២០២០កន្លងទៅស្ត្រីម្នាក់ដែលគេស្គាល់ថាជាអ្នកបម្រើការនៅក្លឹបខារ៉ាអូខេមួយកន្លែងត្រូវជនមិនស្គាល់មុខជិះរថយន្ត ម៉ាកហាយឡេនឌ័រតាមប្លន់យកកាបូបរបស់នាងនៅពេលនាងជិះម៉ូតូទៅដល់ម្ដុំក្លឹបខារ៉ាអូខេ(ព្រីនសេស)ដែលស្ថិតក្នុងសង្កាត់រតនៈក្រុងបាត់ដំបង។
សកម្មភាពចោរជិះរថយន្តហាយឡេនឌ័រនេះបានជាប់យ៉ាងច្បាស់ក្រឡែតនៅក្នុងកាម៉េរ៉ាសុវត្ថិភាពដែលបំពាក់នៅផ្ទះគេក្បែរនោះបើពិនិត្យលើសកម្មភាពជននោះបានបើករថយន្តកៀរនារីរងគ្រោះឲ្យឈប់រួចជននោះបានចុះពីរថយន្តរួចដើរសំដៅទៅវាយនាងបណ្ដាលឱ្យដួលរួចប្លន់យកកាបូបពីនាងរត់ឡើងរថយន្តបើកត្រឡប់ក្រោយដោយសុវត្ថិភាព ខណៈនារីរងគ្រោះស្រែកឡាំប៉ារកជំនួយផ្អើលទាំងកណ្ដាលយប់អាធ្រាត្រ។
ក្រោយពីទទួលបណ្ដឹងនារីរងគ្រោះកម្លាំងជំនាញនៃស្នងការខេត្តបានបើកការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្តរហូតកំណត់បាននូវមុខសញ្ញាជនសង្ស័យនិងឈានដល់ការឃាត់ខ្លួនទាំងមនុស្ស ទាំងរថយន្តតែម្ដង។
ពេលនេះកម្លាំងជំនាញបាននាំជនសង្ស័យមកដល់ស្នងការខេត្តហើយមន្ត្រីជំនាញកំពុងសួរនាំចោរចិត្តស្លុយនោះហើយ។


