ព្រៃវែង: អគ្គិភ័យមួយបានកើតឡើងនៅក្បែរផ្សារកអណ្តើក ក្នុងស្រុកកំពង់ត្របែកខេត្តព្រៃវែងបានធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះផ្អើលឆោឡោភ័យព្រលឹងចុងសក់គ្រប់ៗគ្នាក្នុងករណីនេះបានធ្វើឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់ក្នុងភ្នក់ភ្លើងដោយសារតែរត់ចេញមិនរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២ខែមីនាឆ្នាំ២០២០នៅចំណុចផ្លូវកែងបំបែកជាបួនខាងកើតផ្សារកអណ្តើកស្ថិតក្នុងភូមិចំបក់ឃុំប្រាសាទ ស្រុកកំពង់ត្របែកខេត្តព្រៃវែង។
ករណីនេះសមត្ថកិច្ចស្រុកកំពង់ត្របែកបានឲ្យដឹងថាផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះជាប្រភេទផ្ទះធ្វើពីដែកទីបនិងដែកស័ង្កសីមានទំហំទទឹង៤ម៉ែត្របណ្តោយ៨ម៉ែត្រមានម្ចាស់ឈ្មោះ ឈួ ស្រ៊ុន ភេទប្រុសអាយុ៤៧ឆ្នាំមានមុខរបរជាជាងជួសជុលម៉ូតូចំណែកជនរងគ្រោះនៅក្នុងហេតុការណ៍នេះទី១-ឈ្មោះ ឈួ ម៉េងជឺ ភេទប្រុស អាយុ៥ឆ្នាំជាកូនម្ចាស់ផ្ទះ បានស្លាប់បាត់បង់ជីវិតនៅក្នុងអណ្តាតភ្លើង ទី២-ឈ្មោះ ឈួ សៀវអេង ភេទស្រីអាយុ២ឆ្នាំជាកូនម្ចាស់ផ្ទះរងរបួសធ្ងន់និងទី៣គឺស្ត្រីជាម្តាយរងរបួសស្រាល។
ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះគឺដោយសារតែបុរសជាម្ចាស់ផ្ទះបានជួសជុលម៉ូតូនៅខាងមុខផ្ទះហើយពេលកំពុងជួសជុលម៉ូតូនោះបានធ្វើឲ្យខ្ទាតផ្កាភ្លើងចេញពីម៉ូតូទៅប៉ះនឹងដបសាំងដែលគាត់ដាក់លក់នៅខាងមុខផ្ទះបណ្តាលឲ្យដបសាំងនោះផ្ទុះបែកខ្ទាតសាំងស្រោចចូលទៅក្នុងផ្ទះកើតជាអគ្គិភ័យឆាបឆេះពេញផ្ទះទាំងមូលតែម្តង។
លោក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានឲ្យដឹងថាក្រោយកើតមានអគ្គិភ័យភ្លាមប្រជាពលរដ្ឋនៅជុំវិញនោះម្នាក់ៗមានការជ្រួលច្របល់រត់ចែកជើងគ្នាយកទឹកមកជួយពន្លត់និងបានរាយការណ៍មកសមត្ថកិច្ចភ្លាមហើយរូបលោកក៏បានដឹកនាំកម្លាំងព្រមទាំងរថយន្តពន្លត់អគ្គិភ័យចុះទៅជួយអន្តរាគមភ្លាមៗផងដែរជាមួយគ្នានោះក៏មានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកបាភ្នំស្រុកព្រះស្តេចនិងស្រុកស្វាយជ្រំខេត្តស្វាយរៀងផងដែរទើបទប់ស្កាត់អណ្តាតភ្លើងមិនឲ្យឆេះរាលដាលឆ្លងទៅផ្ទះអ្នកជិតខាងបាន។
លោកអធិការបានបញ្ជាក់ថាអគ្គិភ័យនេះបានឆាបឆេះក្នុងរយៈពេលតែប្រមាណជា២០នាទីប៉ុណ្ណោះក៏ពន្លត់បានវិញជាស្ថាពរប៉ុន្តែទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានឆេះអស់ទាំងស្រុង រួមទាំងកូនប្រុសម្ចាស់ផ្ទះម្នាក់អាយុ៥ឆ្នាំក៏ត្រូវភ្លើងឆេះស្លាប់ដែរ។
ដោយឡែកប្រជាពលរដ្ឋដែលនៅជាប់ផ្ទះកើតហេតុនិងបានឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថាពេលផ្ទុះដបសាំងកើតជាអគ្គិភ័យភ្លាមប្រុសជាម្ចាស់ផ្ទះបានស្ទុះរត់ចេញទៅក្រៅ ខណៈដែលស្ត្រីជាប្រពន្ធនិងកូនទាំង២កំពុងនៅក្នុងផ្ទះនិងត្រូវអណ្តាតភ្លើងឆេះព័ទ្ធជុំជិតហើយស្ត្រីជាប្រពន្ធស្រវាបានកូនស្រីពៅអាយុ២ឆ្នាំស្ទុះរត់ចេញមកក្រៅបានតែកូនច្បងអាយុ៥ឆ្នាំគ្មានអ្នកជួយក៏ត្រូវភ្លើងឆេះស្លាប់ក្នុងផ្ទះតែម្តងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយកើតហេតុបុរសជាប្តីបាននាំប្រពន្ធនិងកូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យចំណែកសាច់ញាតិបានចូលរើកាយយកសពក្មេងប្រុសជាកូនយកទៅតម្កល់នៅក្នុងវត្តជិតនោះដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែកទ្រព្យសម្បត្តិដែលខូចខាតទាំងអស់ក្នុងហេតុការណ៍នេះគេនៅមិនទាន់អាចគណនាបាននៅឡើយទេ៕



