ភ្នំពេញៈ បើកបររថយន្តក្នុងសភាពស្រវឹងស្រាជោគជាំបានរ៉េចង្កូតទៅបុករះពីក្រោយម៉ូតូកង់បីឥណ្ឌាចំនួន២គ្រឿងនិងបានបន្តទៅបុកប៉ះរថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាតតិចតួចបញ្ចប់ត្រឹមសំណង៥០ដុល្លា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១០ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវព្រះមុន្នីវង្សកែងផ្លូវភ្លោះនៅចំណុចស្តុបកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់មានសភាពស្រវឹងស្រាជោគបានបើករថយន្តមួយគ្រឿងម៉ាករ៉េវហ្វរ័ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2G-1087បើកបរតាមបណ្តោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុបានរ៉េចង្កូតទៅបុករះកង់បីឥណ្ឌាពីក្រោយដែលបើកស្របគ្នាចំនួន២គ្រឿងតែសំណាងល្អមិនបណ្តាលឲ្យមានអ្នករបួសដោយគ្រាន់តែខូចតិចតួចបន្ទាប់មកក៏បានជ្រុលទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាកឡង់គ្រីស័រពណ៌សពាក់ស្លាកលេខភ្នំពេញ2AJ-8928បណ្តាលឲ្យធ្លាក់កាងផងដែរ។
ប្រភពដដែលបានបន្តថាបន្ទាប់ពីបង្កគ្រោះថ្នាក់រួចខាងភាគីបង្កសុខចិត្តដោះខ្សែករយកទៅបណ្ចាំយកលុយមកសងថ្លៃខូចខាតដល់ភាគីម៉ូតូកង់បីចំនួន១០$និងសងថ្លៃខូចខាតទៅខាងរថយន្តឡង់គ្រីស័រចំនួន៥០$ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនចង់មានរឿងវែងឆ្ងាយនិងមានការរំខានដល់សមត្ថកិច្ច។
សំណាងហើយដែលក្នុងហេតុការណ៍ខាងលើនេះពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសដោយគ្រាន់តែរងការខូចខាតរថយន្តតិចតួចតែប៉ណ្ណោះ។


