ស្វាយរៀង: ប្រជាពលរដ្ឋរិះគន់និងចោទប្រកាន់កូនលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួសឈ្មោះ សុខ រិទ្ធ ដែលបានចាក់ដីលុបលូកាត់ថ្នល់កាត់ទទឹងផ្លូវធ្វើឲ្យស្ទះទឹកនិងអាចលិចលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានិងចាក់ដីរំលោភយកដីប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិ។
ហើយក៏មានឈ្មោះ ព្រំ សាគុន ក៏បានចាក់ដីបិទលូផ្លូវទឹក និងចាក់ដីលុបប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិដែរ មិនឃើញមានអាជ្ញាធរណាអើពើរនោះទេ។
ពាក់ព័ន្ធនឹងករណីចាក់ដីលុបលូបិទផ្លូវទឹកនិងចាក់ដីលុបប្រឡាយសាធារណៈយកធ្វើជាកម្មសិទ្ធិលោក អ៊ិច ប៊ុនធឿន មេឃុំគ្រួសបានឲ្យដឹងថាពិតជាមានករណីនេះមែនគឺម្នាក់ឈ្មោះ សុខ រិទ្ធ ជាកូនប្រុសសមាជិកក្រុមប្រឹក្សាឃុំគ្រួស មានទីលំនៅភូមិកណ្តាលឃុំគ្រួសស្រុកស្វាយជ្រំនិងម្នាក់ទៀតឈ្មោះ ព្រំ សាគុន មានទីលំនៅភូមិក្រសាំងជ្រំឃុំគ្រួសស្រុកស្វាយជ្រំ។
ទាក់ទិនករណីនេះដែរលោកសមាជិកក្រុមប្រឹក្សាឃុំគ្រួស ដែលជាឪពុកឈ្មោះ សុខ រិទ្ធ បានឲ្យដឹងថាកូនប្រុសរបស់គាត់ពិតជាបានចាក់ដីលុបមុខលូទឹកមែនក៏ប៉ុន្តែដោយសារខែនេះជារដូវប្រាំងទើបចាក់លុបសិននិងលើកផ្ទះរួចហើយដល់រដូវវស្សាមានភ្លៀងធ្លាក់លោកនឹងដោះស្រាយឲ្យកូនកាយដាក់លូតាមបណ្តោយថ្នល់និងបើកផ្លូវលូកាត់ថ្នល់វិញដូច្នេះលោកមិនឲ្យស្ទះលិចលំនៅប្រជាពលរដ្ឋនោះទេ។
ហើយការចាក់ដីលុបប្រឡាយបណ្តោយថ្នល់នោះគឺដាក់លូវិញហើយលោកដឹងថាដីចំណីផ្លូវពីអាក់១៥ម៉ែត្រមិនឲ្យប៉ះពាល់ទេ។
ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធិ អភិបាលស្រុកស្វាយជ្រំបានមានប្រសាសន៍ថាលោកមិនបានដឹងទេចាំលោកឲ្យក្រុមប្រឹក្សាឃុំចុះទៅពិនិត្យនិងដោះស្រាយ៕


