អន្តរជាតិ: កីឡាករឆ្នេីមCristiano Ronaldoពេលនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេនៅឯគេហដ្ឋានរបស់គាត់នៅតំបន់ Madeira ប្រទេសព័រទុយហ្កាល់បន្ទាប់ពីមិត្តរួមក្រុមរបស់ក្លឹបសេះបង្កង់ Juventus លោក Daniele Rugani បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូរ៉ូណា។
តារាបាល់ទាត់ដ៏ល្បីល្បាញរូបនេះបានហោះទៅលេងស្រុកកំណើតដើម្បីទៅមើលម្តាយដែលកំពុងតែឈឺនាពេលថ្មីៗនេះមុនពេលដែលមានព័ត៌មានបែកធ្លាយថាគាត់គួរតែនៅដាច់ដោយឡែកសិនជាជាងត្រឡប់ទៅអ៊ីតាលីវិញដែលកំពុងមានការផ្ទុះឡើងនៃវីរុសយ៉ាងខ្លាំង។
តាមប្រភពបានឱ្យដឹងថាទាំងលោកRonaldoនិងRugani បាននៅបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយគ្នាកាលពីថ្ងៃអាទិត្យនៅពេលដែលក្លឹប Juventus បានបំបាក់ក្រុម Inter Milan ក្នុងលទ្ធផល ២-០ ។
នៅក្នុងរូបថតជាក្រុមមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមInstagramដោយ Miralem Pjanic បន្ទាប់ពីចប់ការប្រកួតគេឃើញថាRonaldoនិងRugani បានអបអរជ័យជម្នះជាមួយមិត្តរួមក្រុមយ៉ាងជិតស្និទ្ធ។
ពេលនេះអ្នកដែលបានប៉ះពាល់ជាមួយRuganiត្រូវបានប្រាប់ឱ្យនៅដោយឡែកទាំងអស់សារព័ត៌មានព័រទុយហ្កាល់បានចុះផ្សាយរឿងរ៉ាវនេះនៅលើទំព័រមុខរបស់ពួកគេ ដូចជា Quotidiano Sportivo និង Abola សុទ្ធតែសរសេរថា Ronaldo កំពុងស្ថិតនៅដាច់ពីគេ។
គួរឱ្យដឹងដែរថាស្ថានភាពនៅអ៊ីតាលីពេលនេះគឺអាក្រក់ខ្លាំងណាស់ដែលតម្រូវរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ត្រូវបានលុបចោលរហូតដល់យ៉ាងហោចណាស់ថ្ងៃទី០៣ខែមេសា។
ក្រុមសេះបង្កង់ Juventus ក៏គ្រោងនឹងប្រកួតបិទទ្វារពហុកីឡដ្ឋានជាមួយក្លឹប Lyon នៅក្នុងក្របខណ្ឌ Champions League នាថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ប៉ុន្តែទំនងជានឹងត្រូវផ្អាកវិញផងដែរ៕

