កោះកុង: បើតាមការផ្តល់លទ្ធផលពីមន្ទីរពិសោធន៍ជាតិប៉ាស្ទ័រដល់មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីរសៀលថ្ងៃទី១៧ម្សិលម៉ិញបានបញ្ជាក់ថាជនជាតិខ្មែរឥស្លាមម្នាក់ក្នុងចំណោម៣នាក់ដែលបានយកសំណាកទៅធ្វើការពិនិត្យកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០កន្លងទៅជាលទ្ធផលឃើញថាបុរសជនជាតិខ្មែរឥស្លាមម្នាក់ឈ្មោះម៉ាត់មីតភេទប្រុសអាយុ៥៧ឆ្នាំមានផ្ទុកវីរុសកូវីដ១៩ហើយត្រូវបានបញ្ជូនមកកាន់បន្ទប់Isolate Roomនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងដោយឡែក២នាក់ទៀតកំពុងស្ថិតក្នុងការតាមដាននិងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសហគមន៍ជនជាតិឥស្លាមស្ថិតក្នុងភូមិ៤សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ។
លោកវេជ្ជបណ្ឌិតទៅមឹងប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានថ្លែងអោយដឹងថានៅពេលថ្មីៗនេះមានបងប្អូនខ្មែរឥស្លាម៣នាក់បានមកធ្វើការផ្សព្វផ្សាយសាសនានៅវិហារឥស្លាមក្នុងភូមិ៤សង្កាត់ដងទង់ក្រុងខេមរភូមិន្ទហើយត្រូវបានមន្ត្រីសុខាភិបាលទទួលបានព័ត៌មានថាពួកគាត់ទើបតែត្រឡប់មកពីការចូលរួមបុណ្យសាសនានៅឯប្រទេសម៉ាឡេស៊ីក៏បានយកសំណាករបស់ពួកគាត់ទៅធ្វើការពិនិត្យនៅវិទ្យាស្ថានជាតិប៉ាស្ទ័រជាលទ្ធផលទទួលបានឃើញថាមានជនជាតិឥស្លាមវ័យ៥៧ឆ្នាំម្នាក់បានផ្ទុកវីរុសកូវីដ១៩។
លោកវេជ្ជបណ្ឌិតបានបន្តថាបន្ទាប់ពីទទួលបានលទ្ធផលហើយវិធានការក្នុងការទប់ស្កាត់នោះគឺខាងសុខាភិបាលបានយកគាត់មកដាក់ក្នុងបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកោះកុងក្រោមការព្យាបាលនិងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមន្ត្រីមន្ទីរសុខាភិបាលរួមទាំងអាជ្ញាធរពាក់ព័ន្ធចំពោះការណាយជាបន្ទុករបស់មន្ទីរសុខាភិបាលនិងមន្ទីរពេទ្យបង្អែកខេត្តកោះកុងចំពោះជនជាតិឥស្លាម២នាក់ដែលរស់នៅជាមួយគាត់នោះដែលរកមិនឃើញថាមានការឆ្លងឬផ្ទុកវីរុសកូវីដ១៩ទេនោះខាងមន្ទីរសុខាភិបាលបានអោយពួកគាត់ស្នាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសហគមន៍របស់គាត់ដើម្បីពិនិត្យតាមដានបន្តនិងមានការណែនាំពីវិធីសាស្រ្តការពារដល់ពួកគាត់ផងដែររួមទាំងមានការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបន្ទប់សំរាករបស់ពួកគាត់និងវិហារឥស្លាមដែលពួកគាត់ធ្លាប់បានចេញចូលផងដែរហើយចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកមានផ្ទុកវីរុសកូវីដ១៩និងប៉ះពាល់ដោយប្រយោលគឺខាងសុខាភិបាលនិងធ្វើការតាមដានពួកគាត់ជាបន្តបន្ទាប់ទៀតក៏ដូចជាមានការផ្សព្វផ្សាយតាមរយៈសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីអោយពលរដ្ឋកាន់តែយល់ដឹងអំពីផលប៉ះពាល់និងវិធានការទប់ស្កាត់។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ទៅមឹងប្រធានសុខាភិបាលខេត្តកោះកុងក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការភ័យស្លន់ស្លោរជ្រុលពេលត្រូវនាំគ្នាសំអាតអនាម័យខ្លួនឯងអោយបានល្អដោយត្រូវលាងដៃនិងសាប៉ូឬទឹកអាកុលនិងជេលលាងដៃអោយបានញឹកញាប់ពិសេសការទិញម៉ាសទិញអាកុលដែលមានប្រភពមិនច្បាស់លាល់ត្រូវទិញនៅកន្លែងណាដែលគេមានច្បាប់ត្រឹមត្រូវនិងសូមអំពាវនាវដល់អាជីវករមួយចំនួនសូមកុំឆ្លៀតឱកាសកេងយកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយះការលក់ផលិតផលដែលមិនមានគុណភាព ៕



