ព្រៃវែង: ពលរដ្ឋចំនួន៣៩គ្រួសារនៅភូមិស្វាយសាមសិបឃុំជើងភ្នំស្រុកបាភ្នំបានក្ដៅក្រហាយនិងបញ្ចេញប្រតិកម្មនាំគ្នាផ្ដិតមេដៃប្ដឹងឈ្មួញដែលកំពុងសម្រុកដាក់គ្រឿងចក្រចូលខួងភ្នំឈើកាច់ដោយបំរ៉ុងបំផ្ទុះគ្រាប់រំសេវយកថ្មលក់នៅភូមិស្វាយសាមសិបឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងដោយពុំមានច្បាប់អនុញ្ញាតហើយសកម្មភាពនេះត្រូវបានគេសង្ស័យថាអាជ្ញាធរនឹងមន្ត្រីជំនាញជាអ្នកបើកភ្លើងខៀវក្រុមឈ្មួញបើខ្មោចស្រុកមិនអោយដៃខ្មោចព្រៃម្ដេចនឹងហ៊ានពាក្យនេះវាគាប់ជួននឹងពួកឈ្មួញ។
មន្ត្រីទាំងនោះបានត្រឹមនិយាយថាឈ្មួញមិនទាន់មានច្បាប់មែនតែចាំចុះពិនិត្យហេតុផលនឹងសកម្មភាពអស់ទាំងនេះហើយបណ្ដាលឱ្យពលរដ្ឋ៣៩គ្រួសារនៅភូមិស្វាយសាមសិបឃុំជើងភ្នំស្រុកបាភ្នំបានក្ដៅក្រហាយបញ្ចេញប្រតិកម្មនាំគ្នាផ្ដិតមេដៃប្ដឹងឈ្មួញខាងលើទៅអាជ្ញាធរអោយជួយអន្តរាគមន៍បញ្ឈប់សកម្មភាពនេះជាបន្ទាន់។
តាមពលរដ្ឋបញ្ជាក់ថាម្ចាស់ក្រុមហ៊ុនអត់ច្បាប់ដែលធ្វើអាជីវកម្មនោះគឺលោកស្រីគ្រុឌកូឡាម្ចាស់ក្រុមហ៊ុនលោកស្រីគ្រុឌកូឡាបានដាក់គ្រឿងចក្រលួចខួងថ្មភ្នំនៅចំណុចខាងលើដោយបានរៀបចំដាក់គ្រាប់រំសេវដើម្បីបំផ្ទុះភ្នំនឹងគ្រឿងចក្រចាំកាយធ្វើអាជីវកម្មបំបែកថ្មសម្រាប់ដឹកជញ្ជូនធ្វើអាជីវកម្មទៀតផង។
ក្រុមពលរដ្ឋបន្ថែមថាទង្វើរបស់លោកស្រីគ្រុឌកូឡាបណ្តាលឲ្យកម្ទេចថ្មខ្ទាតនិងហុយមកលើផ្ទះអ្នកស្រុកដែលនៅក្បែរនោះបង្កផលប៉ះពាល់ជាខ្លាំងហើយក្នុងនោះធូលីដីនឹងថ្មបានហុយប្រឡាក់ចានឆ្នាំងសំលៀកបំពាក់ដែលដាក់ហាលនៅខាងក្រៅផ្ទះធ្វើអោយពលរដ្ឋពិបាកដកដង្ហើមជាខ្លាំងព្រោះធូលីហុយទ្រលោមគ្របពេញផ្ទះ។
ចំពោះអ្វីដែលធ្វើអោយពួកគាត់ព្រួយបារម្ភខ្លាំងបំផុតនោះគឺនៅពេលក្រុមហ៊ុនខួងថ្មរួចគេនិងដាក់គីបរំសេវបំផ្ទុះយកថ្មហើយពេលនោះនិងធ្វើអោយដុំថ្មប៉ើងខ្ទាតមកលើផ្ទះសម្បែងរបស់ពួកគាត់ដែលអាចបង្កអោយមានគ្រោះថ្នាក់ខ្លាំងចំពោះសុវត្ថិភាពពួកគាត់និងកូនចៅ។
ដូច្នេះហើយទើបពួកគាត់នាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរស្នើសុំអោយជួយអន្តរាគមន៍ទប់ស្កាត់ផងរាល់សកម្មភាពទាំងនេះជាបន្ទាន់។
ករណីនេះលោកទេពភារុណអភិបាលស្រុកបាភ្នំបានប្រាប់កាសែតថាករណីនេះលោកមិនទាន់បានដឹងទេប៉ុន្តែលោកនិងចុះទៅពិនិត្យមើលប្របើសិនជាមានការលួចខួងថ្មដូចពលរដ្ឋប្តឹងមែនលោកនឹងហាមឃាត់ភ្លាមព្រោះលោកស្រីគ្រុឌកូឡាមិនទាន់មានច្បាប់ឬអាជ្ញាបណ្ណ័ធ្វើអាជីវកម្មនៅឡើយទេ។
ចំណែកលោកជាកក្តដាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែងក៏បានអោយដឹងដែរថាក្រុមហ៊ុនលោកស្រីគ្រុឌកូឡាមិនទាន់មានអាជ្ញាបណ្ណ័ពីក្រសួងនោះទេគឺគាត់កំពុងតែរត់ការស្នើសុំអាជ្ញាបណ្ណ័ដូច្នេះបើគាត់លួចធ្វើសកម្មភាពមុនពេលទទួលបានអាជ្ញាបណ្ណ័បែបនេះគឺខុសច្បាប់ហើយលោកនិងចាត់អោយមន្រ្តីជំនាញចុះទៅពិនិត្យនិងហាមឃាត់មិនអោយធ្វើជាដាច់ខាត។
អាជ្ញាធរនឹងមន្ត្រីជំនាញឆ្លើយថាមិនដឹងមិនទាន់មានច្បាប់យ៉ាងណាក្ដីប៉ុន្តែសកម្មភាពរបស់ឈ្មួញគឺបានប្រព្រឹត្តរួចទៅហើយមិនមែនជាលើកទី១ទេ។
ប្រសិនជាពលរដ្ឋមិនផ្ទុះការតវ៉ានាំគ្នាផ្ដិតមេដៃប្ដឹងឬឱ្យសារព័ត៌មានផ្សាយទេនោះគឺអាជ្ញាធរនឹងមន្ត្រីជំនាញប្រាកដជាធ្វើមិនដឹងមិនឮរក្សាភាពស្ងៀមស្ងាត់រហូតហើយ។
ករណីនេះត្រូវបានពលរដ្ឋសង្ស័យថាឈ្មួញប្រព្រិត្តិបែបនេះបានគឺមានការឃុបឃិតពីអាជ្ញាធរនឹងមន្ត្រីជំនាញដែលចាំបាច់ក្រសួងរ៉ែនិងថាមពលក្រសួងវប្បធម៏និងវិចិត្រសិល្បៈនិងក្រសួងស្ថាប័នពាក់ព័ន្ធគួរបើកការស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់ដើម្បីការពារភ្នំដែលមាននៅក្នុងប្រវត្តិសាស្រ្ដសម័យនគរភ្នំ៕





