មណ្ឌលគិរី: បុរសម្នាក់ត្រូវបានគេស្គាល់ថាអតីតជាគ្រូ
បង្រៀនហើយបច្ចុប្បន្ននេះក៏ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ដែរតែត្រូវបានខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួនក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាកាលពីនាវេលារសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០២០ដោយអនុវត្តតាមដីកា ចាត់អោយសើបសួរជំនួសកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទួច ហឿន អាយុ៣៧ឆ្នាំទីលំនៅក្នុងក្រុងសែនមនោរម្យពាក់ព័ន្ធនិងករណីប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុតាមមាត្រា២៤៨នៃច្បាប់ភូមិបាល។
សមត្ថកិច្ចបានបន្តថាជនសង្ស័យបានធ្វើអោយខូចខាតដោយចេតនាតាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយតាមមាត្រា៦៣០នៃក្រមព្រហ្មទណ្ឌព្រមទាំងរំលោភលើសេចក្តីទុកចិត្តតាមមាត្រា៣៩១នៃក្រមព្រហ្មទណ្ឌផងទៀត។
ជនសង្ស័យបានរងនូវបណ្តឹងទប់ស្កាត់មួយពីជនរងគ្រោះឈ្មោះ កាន់ ប៊ុនថាំ ភេទស្រីអាយុ៥៤ឆ្នាំដែលមានទីលំនៅឯក្រុងភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះកាលពីថ្ងៃទី១៣ខែមីនា បានដាក់ពាក្យបណ្តឹងទៅកាន់អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យអោយជួយអន្តរាគមន៍និងទប់ស្កាត់សកម្មភាពឈ្មោះ ទួច ហឿន និងប្រពន្ធឈ្មោះ ប៊ុនហុក ភឹមផា ដោយមិនអោយធ្វើសកម្មភាពអ្វីមួយនៅលើដីទំហំ៤០៥០០មែត្រការ៉េដែលស្ថិតនៅភូមិពូត្រំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ក្នុងពាក្យបណ្តឹងទប់ស្កាត់បានលើកឡើងថាកាលពីអំឡុងឆ្នាំ២០០៧ឈ្មោះ កាន់ ប៊ុនថាំ បានទិញដីពីឈ្មោះ យ៉ាត ប៊ុនចាយ ឈ្មោះ កែវ សុខ ឈ្មោះ សៀន ឌឿន ទីលំនៅភូមិពូត្រុំសង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០០៧ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចុះថ្ងៃទី១២ខែកញ្ញាឆ្នាំ២០០៧ដោយមានអាជ្ញាធរភូមិឃុំដឹងឮជាសាធារណៈនិងឯកសារយោង ។
ក្នុងពាក្យបណ្តឹងជនរងគ្រោះបន្តថានៅដើមឆ្នាំ២០១៩ដោយមានការទុកចិត្តនិងជឿជាក់ទើបជនរងគ្រោះបានឲ្យឈ្មោះ ទូច ហឿន ជាអ្នកឈូសឆាយធ្វើព្រំដីដែលមានព្រំប្រទល់ដល់អូរទៅតាមបង្គោលដែលបានដាំទុកដោយលោក ជិន ភី តាំងពីឆ្នាំ២០១៥មកប៉ុន្តែដោយសារច្រាំងអូចោទពេក មិនអាចដាំបង្គោលបានទើបទុកនៅទំនេរដោយសំអាងថាព្រំប្រទល់រហូតដល់អូរជាភស្តុតាងរហូតដល់បច្ចុប្បន្ន ។
ស្រាប់តែថ្មីៗនេះឈ្មោះ ទូច ហឿន បានយកឯកសារក្លែងបន្លំមួយចំនួនដូចជាលិខិតប្រគល់ទទួលប្រាក់គ្រប់ចំនួនចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០០៧និងសេចក្តីបញ្ជាក់ព្រំប្រទល់ដីជាប់គ្នាយកមកធ្វើជាសំអាងដើម្បីរំលោភយកដីកម្មសិទ្ធិស្របច្បាប់របស់ជនរងគ្រោះហើយថែមទាំងយកគ្រឿងចក្រមកធ្វើការឈូសឆាយព្រៃធ្វើផ្លូវចូលមកដីរបស់ជនរងគ្រោះយ៉ាងបំពានទៀតផង។
ដោយឃើញសកម្មភាពនេះខាងជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចូលមកលោកអភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យសូមឲ្យទប់ស្កាត់នឹងធ្វើការហាមឃាត់ឈ្មោះទូច ហឿន និងប្រពន្ធឈ្មោះ ប៊ុន ហុតភឹមផា ឲ្យបញ្ឈប់ការសាងសង់និងធ្វើសកម្មភាពផ្សេងៗដោយរង់ចាំធ្វេីការសម្របសម្រួលពីគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីរបស់រដ្ឋបាលក្រុងសែនមនោរម្យសិន។
ក្នុងពាក្យបណ្តឹងបានបន្តថាឈ្មោះ ទួច ហឿន និងប្រពន្ធ នៅតែបំពាននឹងបន្តឈូសឆាយនឹងបន្តការសាងសង់ដដែល ដូចនេះដោយមានការបារម្ភថាឈ្មោះ ទូច ហឿន និងប្រពន្ធ អាចនឹងបន្តការឈូសឆាយសាងសង់សំណង់ផ្សេងៗទៀត ដែលអាចធ្វើឲ្យបាត់បង់សភាពដើមនៃដីឬធ្វើការលក់ដូរជួលបញ្ចាំទៅតតិយជនផ្សេងទៀតដែលអាចធ្វើឱ្យពិបាកក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនទៅថ្ងៃអនាគតនឹងអាចធ្វើឲ្យបាត់បង់ផលប្រយោជន៍ធ្ងន់ធ្ងររបស់ជនរងគ្រោះផងនោះ។
សូមបញ្ជាក់ថានារសៀលថ្ងៃទី០៤ខែមេសានេះជនសង្ស័យឈ្មោះ ទួច ហឿន កំពុងស្ថិតក្នុងបន្ទប់សួរចំលើយរបស់កងរាជអាវុធហត្ថខេត្តក្រោមចំណាត់ការលោកមេបញ្ជាការ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីទៅសាលាដំបូង៕


