ភ្នំពេញ: ក្រុមក្មេងៗទំនើងមានគ្នាចំនួន២ក្រុមបានបើកឆាកប្រយុទ្ធគ្នាខ្លះមានកាន់កាំបិតដុំថ្មនិងដំបងដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវបង្កការភ្ញាក់ផ្អើលតាមផ្លូវនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី០៧ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៣៤នៅចំណុចក្រោយប៉ុស្តិ៍វាលវង់ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
តាមសំដីអ្នកក្បែរខាងបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងមានគ្នាចំនួន២ក្រុមដោយភាគីម្ខាងៗមានគ្នាចំនួន៥ទៅ៦នាក់បាននាំគ្នាជិះម៉ូតូដេញកាប់គ្នាពេញផ្លូវបង្កភាពអសន្តិសុខទើបកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហតុធ្វើឲ្យពួកក្រុមក្មេងទាំងនោះរត់បាត់ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។
តាមសមត្ថកិច្ចប៉ុស្តិ៍បានឲ្យថាពេលកម្លាំងចុះទៅដល់ភ្លាមពួកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នារត់បាត់អស់តែម្តងនិងទុកម៉ូតូចោលនៅកន្លែងកើតហេតុមួយសន្ទុះក្រោយមកស្រាប់តែមានយុវជនម្នាក់ទើបតែចេញមកពីលេងហ្គេមក្បែរកន្លែងកើតហេតុតែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបានរដ្ឋបាលវាលវង្សយកទៅសួរនាំផងដែរ។
សមត្ថកិច្ចប្រាប់ទៀតថាក្រោយការយកសួរនាំក្មេងម្នាក់នោះបានប្រាប់ថាខ្លួនទើបតែចេញមកពីលេងហ្គេមនៅម្តុំបុរីកីឡាទើបដោះលេងនិងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។

