កោះកុង: អ្នកជំងឺទី២ដែលមានផ្ទុកវីរុសកូវីដ១៩នាព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២០នេះត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងអនុញ្ញាតអោយចេញពីមន្ទីរពេទ្យហើយបន្ទាប់ពីអ្នកជំងឺវ័យ៣៦ឆ្នាំដែលមកពីខេត្តកំពតរូបនេះ បានសម្រាកនិងព្យាបាលអស់រយៈពេល២១ថ្ងៃនៅបន្ទប់ដាច់ដោយឡែក ។
បើតាមការលើកឡើងពីលោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានអោយដឹងថាការព្យាបាលអ្នកជំងឺខាងលើមិនមានអ្វីខុសប្លែកពីការព្យាបាលអ្នកជំងឺវ័យ៥៧ឆ្នាំដែលជាអ្នកផ្ទុកដំបូងគេបង្អស់សម្រាប់ខេត្តកោះកុង ដោយក្រុមគ្រូពេទ្យយើងបានព្យាបាលទៅតាមវិធីសាររបស់ថ្នាក់ជាតិក៏ដូចជាការណែនាំរបស់អង្គការសុខភាពពិភពលោកគឺទី១ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលទៅតាមចិត្តសាស្ត្រទី២គឺព្យាបាលប្រព័ន្ធការពាររបស់អ្នកជំងឺរឹងមាំដើម្បីអោយអ្នកជំងឺងាយស្រួលក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុស ទី៣គឺណែនាំអោយគាត់ធ្វើអនាម័យរៀងកាយអោយបានញឹកញាប់និងត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងពាក់ម៉ាស់ជាប្រចាំនិងចំនុចទី៤គឺក្រុមគ្រូពេទ្យបានព្យាបាលអ្នកជំងឺកូវីដ១៩ដោយប្រើប្រាស់ថ្នាំចំនួន២ប្រភេទដើម្បីប្រឆាំងជាមួយវីរុសតាមការណែនាំរបស់ក្រសួង ។
លោកបានបន្តថាចំពោះអ្នកជំងឺដែលបាអនុញ្ញាតអោយវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់ខ្លួនខាងលើត្រូវនៅដាច់ដោយឡែកក្នុងគ្រួសាររយៈពេល១៤ថ្ងៃបន្ថែមទៀតនិងត្រូវពាក់ម៉ាស់ជាប្រចាំឬនៅអោយឆ្ងាយពីសាច់ញាតិយ៉ាងតិច១.៥០ម៉ែត្រ ដើម្បីបង្ការការឆ្លងនៅក្នុងសហគមន៍ក្នុងកម្រិតណាមួយជាយថាហេតុ។
បន្ទាប់ពីអនុញ្ញាតអោយអ្នកជំងឺទី២ដែលបានឆ្លងវីរុសកូវីដពីបុរសវ័យ៥៧ឆ្នាំក្នុងពិធីផ្សព្វផ្សាយសាសនានៅក្នុងភូមិ៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបានធ្វើការណែនាំដល់អ្នកជំងឺអោយនៅដាច់ដោយឡែកពីសាច់ញាតិរយៈពរល១៤ថ្ងៃសិននិងត្រូវពាក់ម៉ាស់ជាប្រចាំហើយបើមានអាការៈក្តៅខ្លួនផ្តាសាយឬពិបាកដកដង្ហើមត្រូវប្រញាប់ទំនាក់ទំនងមកកាន់មន្ត្រីសុខាភិបាលឬអាជ្ញាធរមូលដ្ឋានឬទំនាក់ទំនងទៅកាន់លេខ១១៥ ។
ចំពោះអ្នកជំងឺវ័យ៣៦ឆ្នាំដែលបានជាសះស្បើយបានអោយដឹងដែរថាក្រោយការចេញពីមន្ទីរពេទ្យលោកនិងអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យដោយដាក់ខ្លួនអោយនៅដាច់ដោយឡែករយៈ១៤ថ្ងៃបន្ថែមទៀតហើយលោកក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង ដែលបានយកចិត្តទុកដាក់ពិនិត្យនិងព្យាបាលរូបលោកដោយមិនគិតពីការនឿយហត់ជាងនេះទៅទៀតលោកសូមផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមតាមការណែរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ។
គួរំលឹកថាអ្នកជំងឺដែលផ្ទុកវីរុសកូវីដ១៩ដំបូងគេបង្អស់នៅខេត្តកោះកុងត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុងអនុញ្ញាតអោយវិលត្រឡប់ទៅកាន់ស្រុកកំណើតនៅខេត្តកំពតកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ហើយសម្រាប់ខេត្តកោះកុងនាពេលនេះគឺពុំមានអ្នកផ្ទុកវីរុសកូវីដ១៩ទៀតនោះទេ ៕



