អាមេរិក: ពិតជាគួរឲ្យសោកសង្រែងណាស់ពេលបានឃើញរូបភាពជាច្រើនសន្លឹកបង្ហាញឲ្យឃើញសាកសពអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានគេថតបានចេញពីមន្ទីរពេទ្យក្នុងទីក្រុងDetroit របស់សហរដ្ឋអាមេរិកដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺដ៏សាហានេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នាថ្ងៃពុធទី១៥ខែមេសាឆ្នាំ២០២០។
ក្នុងនោះរូបភាពមួយបានបង្ហាញពីសាកសពមនុស្ស២នាក់ ដែលច្រកក្នុងថង់ត្រូវបានគេដាក់នៅលើគ្រែនិងសពម្នាក់ទៀតត្រូវគេដាក់បន្តុបលើកៅអីក្បែរនោះនៅក្នុងបន្ទប់ទំនេរមួយដែលត្រូវបានប្រើប្រាស់ជាកន្លែងផ្ទុកសាកសពអ្នកជំងឺ COVID-19 ព្រោះកន្លែងស្តុកសពផ្លូវការរបស់មន្ទីរពេទ្យពេញអស់។
បើតាមសេចក្តីរាយការណ៍បន្ទប់នោះដើមឡើយត្រូវប្រើប្រាស់ជាកន្លែងសម្រាប់សិក្សាពីទម្លាប់នៃការគេង។
ចំណែកឯរូបភាពមួយទៀតបានបង្ហាញពីរូបភាពសាកសពជាច្រើនដែលច្រកក្នុងថង់និងដាក់គរលើគ្នាពាសពេញនៅក្នុងបន្ទប់ក្លាសេតូចចង្អៀតមួយនៅខាងក្រៅមន្ទីរពេទ្យខាងលើ ដែលត្រូវបានប្រើជាកន្លែងដាក់សាកសព។ រូបភាពទាំងពីរនេះត្រូវបានផ្តល់ទៅឲ្យទូរទស្សន៍ CNN ហើយត្រូវបានបញ្ជាក់ថាគឺជាទិដ្ឋភាពពិតដោយបុគ្គលិកពេទ្យពីរនាក់ផ្សេងទៀតដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួរជម្រាបថាបើតាមគេហទំព័រWorldmeters.info បានឲ្យដឹងថាសហរដ្ឋអាមេរិកគិតត្រឹមម៉ោងនេះបានកត់ត្រាចំនួនអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៦១៤,២៤៦ ករណីដោយក្នុងនោះអ្នកជំងឺ ២៦,០៦៤ នាក់ស្លាប់បាត់បង់ជីវិតខណៈ ៣៨,៨២០ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕



