អន្តរជាតិ: ស្របពេលពិភពលោកកំពុងតែវឹកវរជាមួយជំងឺកូវីដ១៩បែរជាវៀតណាមដែលជាប្រទេសខ្លាំងមួយក្នុងវិស័យវាយនភណ្ឌនិងកាត់ដេរនៅអាស៊ីកំពុងតែសម្ងំកើតប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីការផលិតម៉ាស់ការពារជំងឺនេះស្របពេលដែលប្រទេសខ្លួនមានផ្ទុះជំងឺរាតត្បាតក្នុងកម្រិតតិចតួចនៅឡើយ។
កាលពីចុងខែមីនានិងដើមខែមេសាដំណើរនាំចូលវត្ថុធាតុដើមក្នុងប្រទេសវៀតណាមចាប់ផ្តើមដំណើរការឡើងវិញ ប៉ុន្តែក៏ជាពេលវេលាអាក្រក់បំផុតមូយក្នុងស្ថានភាពរាតត្បាតជំងឺកូវីដ១៩នៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកនាំឲ្យប្រទេសអ្នកមានទាំងនេះកំពុងបញ្ជាទិញម៉ាស់ការពារមុខយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបណ្តាប្រទេសមានចង្វាក់ផលិតកម្មម៉ាស់ ដោយក្នុងនោះក៏មានវៀតណាមជាប្រទេសត្រូវប៉ាន់ដូចគ្នា។
លើសពីនេះផលិតផលម៉ាស់ការពារមុខក៏មិនទាមទារការចំណាយទុនវិនិយោគច្រើនផងនោះកាន់តែផ្តល់ភាពងាយស្រួលដល់វិស័យកាត់ដេរក្នុងប្រទេសនេះអាចផលិតម៉ាស់ក្នុងចំនួនយ៉ាងច្រើនលើសលុប។
យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសវៀតណាមរោងចក្រក្នុងស្រុកប្រមាណ៥០ត្រូវបានចុះបញ្ជីជាមួយក្រសួងជាបន្តបន្ទាប់ដោយមានលទ្ធភាពផលិតម៉ាស់ការពារមុខសរុបដល់ទៅ៨លានម៉ាស់ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ និងប្រមាណ២០០លានម៉ាស់ក្នុងមួយខែ។
ក្នុងវិស័យវាយនភណ្ឌនិងកាត់ដេររបស់ប្រទេសនេះពីមុនមក គឺពឹងផ្អែកលើការនាំចូលប្រភេទក្រណាត់ការពារបាក់តេរី និងវត្ថុធាតុគីមីពីបរទេស។
យ៉ាងណាពេលនេះវៀតណាមមិនចាំបាច់នាំចូលតទៅទៀតឡើយដោយពួកគេមានលទ្ធភាពផលិតក្រណាត់ការពារបាក់តេរីពីធន់ធានជីវសាស្ត្រមានក្នុងស្រុកស្រាប់។
ស្របពេលដែលទីផ្សារម៉ាស់នៅក្រៅស្រុកកាន់តែមានតម្រូវការខ្ពស់និងកើនឡើងជាលំដាប់នាំឲ្យវៀតណាមចាត់ទុកស្ថានភាពរាតត្បាតវីរុសកូវីស១៩ជាឱកាសសដ៏ល្អរបស់ខ្លួនទទួលបានប្រយោជន៍អំឡុងពេលនេះប៉ុន្តែរដ្ឋាភិបាលប្រទេសនេះនៅតែតម្រូវឲ្យមានការផ្គត់ផ្គង់ម៉ាស់ការពារក្នុងទីក្រុងក្នុងស្រុកជាអាទិភាពមុននាំចេញទៅក្រៅប្រទេស។
ក្នុងចេតនាជួយទៅដល់ការអភិវឌ្ឍន៍ចង្វាក់ផលិតកម្មម៉ាស់នៅវៀតណាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេសនេះបានធ្វើការជិតស្និតជាមួយអ្នកផលិតផ្ទាល់និងភ្នាក់ងារចែកចាយមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារទំនើបដើម្បីជម្រុញការប្រើប្រាស់ផលិតផលក្នុងស្រុករបស់ខ្លួកាន់តែទូលំទូលាយ។
ទោះជាយ៉ាងណាតម្រូវការម៉ាស់បច្ចុប្បន្នគឺដោយសារសា្ថនភាពរាតត្បាតវីរុសកូវីដ១៩នៅជុំវិញពិភពលោកប៉ុន្តែវិស័យផលិតម៉ាស់របស់វៀតណាមត្រូវតែសម្លឹងទៅលើការវិនិយោគមួយដែលមានតម្រូវការប្រើប្រាស់យូរអង្វែងព្រោះក្នុងកាលៈទេសៈណាមួយនៅពេលស្ថានភាពពិភពលោកត្រឡប់មករកភាពប្រក្រតីវិញតម្រូវការម៉ាស់ក៏នឹងធ្លាក់ចុះដូចគ្នា៕
