កំពង់ស្ពឺ: តាមសេចក្តីរាយការណ៍ព័ត៌មានពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថានៅវេលាម៉ោងប្រហែលជិត៨យប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០២០នេះមានករណីអ្នកទោសជិត៣០នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺដែលមាន ទីតាំងស្ថិតនៅក្នុងភូមិត្រស់សាលាសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនបានរត់គេចខ្លួននិងកំពុងត្រូវតាមរកដើម្បីចាប់ខ្លួនមកវិញ។
តាមប្រភពមួយទៀតបង្ហើបថាការសម្រុករត់គេចខ្លួនក្រុមអ្នកទោសនេះគឺសមត្ថកិច្ចចូលទៅយកអ្នកទោសដែលមានជំងឺមកព្យាបាលទើបឃើញឱកាសល្អក្រុមអ្នកទោសព្យាយាមរត់គេចចេញតែម្ដង ។
ប៉ុន្តែទីតាំងពន្ធនាគារនេះមានការយាមតឹងរឹងណាស់មិនគួរណាក្រុមអ្នកទោសរត់រួចសោះឬមួយមានអ្វីនៅពីក្រោយខ្នង។
ទាក់ទងរឿងអ្នកទោសហែកគុករត់នេះគេនៅមិនទាន់ដឹងច្បាស់ថាមានចំនួនប៉ុន្មាននាក់ដែលបានរត់គេចចេញពីពន្ធនាគារខេត្តកំពង់ស្ពឺទាំងយប់នេះទេ។
ព្រោះកំពុងច្របូកច្របល់កម្លាំងមន្ត្រីអគ្គានុរក្សពន្ធនាគារ បាននិងកំពុងសហការជាមួយសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថបានធ្វើការតាមប្រម៉ាញ់ អ្នកទោសមកវិញ។
ករណីអ្នកទោសអាចរត់ចេញពីពន្ធនាគារទាំងក្បាលព្រលប់ បានធ្វើអោយមហាជនមានការរិះគន់យ៉ាងខ្លាំងនិងមានចម្ងល់សួរហេតុអ្វីពន្ធនាគារខេត្តកំពង់ស្ពឺគេឃើញមានការយាមតឹងតែងប៉ុន្តែបែរជាអ្នកទោសអាចរត់ចេញពីពន្ធនាគាររួចតើនេះមកពីការធ្វេសប្រហែសឬមានអ្វីនៅពីក្រោយខ្នង ?
តាមការអោយដឹងពីសមត្ថកិច្ចថាក្រុមអ្នកទោសដែលសម្រុកចេញពីពន្ធនាគារនោះមិនក្រោមពី៣០នាក់នោះទេហើយមូលហេតុដែលក្រុមអ្នកទោសព្យាយាមរត់នោះមកពីមូលហេតុការធ្វេសប្រហែសរបស់មន្ត្រីពន្ធធនាគារ។
មហាជនចង់ឃើញលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកកិច្ចការពន្ធនាគារជាពិសេសសម្ដេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រាវជ្រាវនិងពិនិត្យមើលការដឹកនាំរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ទីនសុវណ្ណនីប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដែលបានចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តកំពង់ស្ពឺដឹកនាំអង្គភាពនេះចាប់តាំងពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៨មកដល់ពេលនេះ តើមានរឿងអ្វីខ្លះ ? តើគាត់ដឹកនាំរបៀបណា ? ទើបមានរឿងអ្នកទោសរត់រួចចេញពីពន្ធនាគារដូច្នេះ។
ហើយនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺគាត់បានប្រាប់ មកខាងសារព័ត៌មានថាពិតជាមានរឿងអ្នកទោសលួចរត់ចេញពិតប្រាកដមែនប៉ុន្តែព័ត៌មានលម្អិតគាត់ឲ្យទំនាក់ទំនងទៅលោកប្រធានពន្ធនាគារខេត្តកំពង់ស្ពឺផ្ទាល់ប៉ុន្តែអង្គភាពយើងខ្ញុំមិនទាន់ទាក់ទងលោកប្រធានពន្ធនាគារបាននៅឡើយទេ ។

