ស្ទឹងត្រែង: ពលរដ្ឋខ្មែរនិងជនជាតិដើមកំពុងតែមមាញឹកដើររើសផ្លែសំរ៉ងព្រៃយកមកលក់ខណៈហាងឆេងកំពុងតែហក់ឡើងខ្លាំងប្រជាពលរដ្ឋចាក់សោរចេញពីផ្ទះឡើងស្ងាត់ភូមិ ដោយសារនាំគ្នាដើររើសផ្លែសំរ៉ងព្រៃព្រោះដល់រដូវប្រមូលផលហើយមួយឆ្នាំមានតែម្តងមិនតែប៉ុណ្ណោះតម្លៃក៍ហក់ឡើងខ្លាំងជាងរាល់ឆ្នាំដែរ។
ប្រភពពីពលរដ្ឋជាច្រើនមកពីភូមិឃុំក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានឱ្យដឹងថានៅពេលដល់រដូវប្រមូលផលរៀងរាល់ឆ្នាំប្រជាពលរដ្ឋក្នុងស្រុកចាកចេញពីផ្ទះស្ទើរតែគ្រប់គ្រួសាររហូតដល់ស្ងាត់ភូមិសម្រុកចូលព្រៃដើម្បីប្រមូលផលផ្លែសំរ៉ង។
ហើយវាបានធ្វើឲ្យទិដ្ឋភាពក្នុងព្រៃទាំងមូលមានសភាពអ៊ូរអរ ហាក់ដូចជាមជ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសមួយកន្លែងដែលមមាញឹកទាំងយប់ទាំងថ្ងៃពិបាកនឹងពណ៌នាណាស់។
តាមការប៉ាន់ប្រមាណក្នុងកម្រិតទាបគិតតែក្នុងស្រុកសៀមប៉ាងប៉ុណ្ណោះផលដែលទទួលបានពីការលក់ផ្លែសំរ៉ងរបស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូលក្នុងមួយរដូវគឺមិនតិចជាង ២,០០០,០០០,០០០រៀល(ពីរពាន់លានរៀល)ឡើយរៀងរាល់ឆ្នាំ(តម្លៃធម្មតា)។
រីឯតម្លៃផ្លែសំរ៉ងក្នុងឆ្នាំនេះវិញចន្លោះពី២មុឺនរៀលទៅ៣ មុឺនរៀលក្នុងមួយគីឡូក្រាមវាខ្ពស់ជាងរាល់ឆ្នាំឆ្ងាយណាស់។
ប្រភពដដែរបានបន្តទៀតថាដើមសំរ៉ងគឺប្រៀបដូចជាធនាគារមួយយ៉ាងធំរបស់បងប្អូនប្រជាពលរដ្ឋបើបងប្អូនមិនចេះថែររក្សាការពារធនាគារនេះឲ្យគង់វង្សទេមិនយូរមិនឆាប់ បងប្អូននិងខាតបង់ធ្ងន់ធ្ងរដោយសារការគិតខ្លីរបស់បងប្អូន។
ដូចច្នេះយើងទាំងអស់គ្នាគួរតែឈប់រំលំដើមសំរ៉ងជាពិសេសអាជ្ញាធរមូលដ្ឋានសូមមេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមបណ្តាឃុំនិមួយៗកុំឲ្យរំលំដើមសំរ៉ង(ឈប់ប្រមូលផលតាមវិធីរំលំដើម)បើសិននៅតែមិនភ្ញាក់រលឹកទេអ្នកដែលខាតបង់គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯងហ្នឹងហើយមិនយូរមិនឆាប់សំរ៉ងនិងផុតពូជដោយសារការប្រមូលផលដោយវិធីរំលំដើមរបស់បងប្អូន។
ផ្ទុយទៅវិញបើបងប្អូនប្រមូលផលតាមវិធីបេះធម្មតាដើមសំរ៉ងនិងគង់វង្សបងប្អូនទទួលផលជារៀងរាល់ឆ្នាំព្រៃឈើក៏មិនបាត់បង់៕



