ប៉ៃលិន: រឿងរ៉ាវមួយកំពុងតែធ្វើឲ្យអ្នកប៉ៃលិនតាមដានយ៉ាងខ្លាំងបន្ទាប់ពីមានរឿងបុរសម្នាក់ដែលបានបាត់បង់ជីវិតមានប្រពន្ធរហូតទៅ៨នាក់ក្រោយមកស្រាប់តែប្រពន្ធទី៧ប្តឹងនាងប្រពន្ធទី៨ថាជាអ្នកធ្វើឃាតប្តីវិញ ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០២០ស្ត្រីម្នាក់ឈ្មោះ អេង សារឿន អាយុ៥៤ឆ្នាំដែលអះអាងថាគាត់ជាប្រពន្ធទី៨រស់នៅភូមិវត្តសង្កាត់ប៉ៃលិនក្រុងប៉ៃលិនបានថ្លែងប្រាប់អ្នកសារព័ត៌មានថាគាត់មានការហួសចិត្តយ៉ាងខ្លាំង ខណ:ពេលឃើញលិខិតអញ្ជើញចំនួន២ច្បាប់បន្តបន្ទាប់គ្នាចេញពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តប៉ៃលិនកាលពីខែមីនានិងខែមេសាឆ្នាំ២០២០នេះ ដោយឱ្យគាត់ចូលបំភ្លឺពាក់ព័ន្ធនឹងបណ្តឹងរបស់ស្ត្រីម្នាក់ ឈ្មោះ លីម គា ហៅម៉ី អាយុ៣៨ឆ្នាំជាប្រពន្ធទី៧ចោទប្រកាន់ពីបទធ្វើឃាតទៅលើបុរសចំណាស់ម្នាក់ឈ្មោះ ងិន មេង អាយុ៦៩ឆ្នាំជាប្តីដែលបានបាត់បង់ជីវិតកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ដោយសាររោគាពាធ ។
បើតាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធទី៨នោះបានរៀបរាប់ឱ្យដឹងថាកាលពីជាង៣ឆ្នាំមុននាងជាប្រពន្ធទី៧បានឈ្លោះទាស់ទែងជាមួយបុរសចំណាស់ជាប្តីរួចបានធ្វើលិខិតលែងលះគ្នានៅសង្កាត់ប៉ៃលិនដាច់ស្រេចអស់ហើយថែមទាំងទៅយកប្តីម្នាក់ទៀតមករស់នៅក្នុងផ្ទះល្វែង៥បន្ទប់ដែលគាត់ចែកឱ្យ រួមជាមួយនឹងដីចំនួន២ប្លង់ថែមទៀតផង ។
លុះក្រោយមកបុរសចំណាស់ពោះម៉ាយរូបនោះក៏បានហៅចាស់ទុំក្នុងភូមិទៅស្តីដណ្តឹងគាត់ដែលជាស្ត្រីមេម៉ាយរួចក៏ធ្វើការសែនព្រេនតាមផ្លូវច្បាប់មករស់នៅផ្ទះរបស់គាត់រួចក្រោយមកប្តីចំណាស់នេះក៏នាំគាត់ទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ។
ចំណែកស្ត្រីម្នាក់ឈ្មោះ មេង គឹមឡាង ជាកូនទី៣របស់ប្រពន្ធទី១បានរៀបរាប់ឱ្យដឹងថាឪពុករបស់គាត់ពិតជាបានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលនៅសេសសល់ទាំងប៉ុន្មានឱ្យទៅប្រពន្ធទី៨ពិតប្រាកដមែនថែមទាំងធ្វើលិខិតផ្ទេរមុនពេលគាត់បាត់បង់ជីវិតថែមទៀតផង ។
ប៉ុន្តែក្រោយមកស្រាប់តែប្រពន្ធទី៧ដែលចុះចោលឪពុករបស់គាត់រត់ទៅយកប្តីក្មេងម្នាក់ទៀតហើយមករស់នៅលើ ផ្ទះដែលឪពុកខ្លួនចែកឱ្យបែរជាជំទាស់ទៅវិញថែមទាំងប្តឹងនគរបាលផងដែរ ។
ដូច្នេះក្នុងនាមគាត់ជាកូនដែរមិនសុខចិត្តនោះទេហើយក៏មិនព្រមឱ្យទ្រព្យសម្បត្តិនេះទៅស្ត្រីដែលចុះចោលឪពុករបស់ខ្លួននោះឡើយម្យ៉ាងវិញទៀតស្ត្រីជាប្រពន្ធទី៨បានមើលថែទាំឪពុករបស់ខ្លួនផ្តល់ទឹកក្តៅទឹកត្រជាក់រហូតដល់គាត់ស្លាប់ ដូច្នេះទ្រព្យសម្បត្តិទាំងនេះត្រូវតែបានចំណែកទៅលើគាត់ដែរ ។
ពាក់ព័ន្ធនឹងពាក្យបណ្តឹងចោទថាស្ត្រីប្រពន្ធទី៨ធ្វើឃាតប្តី លោក អ៊ុំ សាឡន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តប៉ៃលិនបានឱ្យដឹងកាលពីវេលាម៉ោង៨និង៤៣នាទីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នេះថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីស្ត្រីជាប្រពន្ធទី៧នេះខាងលោកក៏បានសុំគោលការពីសាលាដំបូងដោយដឹកនាំកម្លាំងនគរបាលចុះទៅស៊ើបអង្កេតបឋមករណីការបាត់បង់ជីវិតរបស់លោក ងិន មេង ហៅតាឡេង ដោយមិនទាន់ទទួលបាននូវលទ្ធផលយ៉ាងណានៅឡើយនោះទេហើយខាងលោកក៏បានបញ្ជូនសំណុំរឿងនេះទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនឱ្យចាត់ការបន្តយ៉ាងណាមិញយើងមិនទាន់អាចទាក់ទងសម្ភាសន៍ជាមួយស្ត្រីជាភរិយាទី៧បាននៅឡើយទេ ៕


