ម៉ានីល: លោក ខាឡូស ដូមីងហ្គែស(Carlos Dominguez)រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានថ្លែងកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២០នេះថាប្រទេសរបស់ខ្លួនបានបញ្ជូនសំរាមចំនួន១៥១កុងតឺន័រជាប្រភេទកាកសំណល់វត្ថុធាតុដើមរបស់កូរ៉េខាងត្បូងមានទម្ងន់២,៦៧៦តោនដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ២០១៨មកម្ល៉េះនោះទៅឲ្យប្រទេសដើមវិញ។
លោករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថាកាកសំណល់វត្ថុធាតុដើមចំនួន ២,៦៧៦តោនខាងលើនេះគឺជាផ្នែកមួយនៃចំនួនកាកសំណល់សរុបទាំងជាង៥,០០០តោនដែលរដ្ឋាភិបាលកូរ៉េខាងត្បូងប្តេជ្ញាជួយដឹកជញ្ជូនយកត្រឡប់ទៅប្រទេសពួកគេវិញ បន្ទាប់ពីកាកសំណល់ទាំងនេះត្រូវបាននាំចូលប្រទេសហ្វីលីពីនខុសច្បាប់កាលពីឆ្នាំ២០១៨។
កាកសំណល់ខាងលើគឺជាប្រភេទបន្ទះស្តើងៗនៃផ្លាស្ទិចសំយោគត្រូវបាននាំចូលដោយខុសច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកមួយដែលមានមូលដ្ឋាននៅខេត្តសេប៊ូភាគកណ្តាលប្រទេសហ្វីលីពីន។
សំរាមទាំងនោះត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញចំនួន១៥១កុងតឺន័រហើយដោយបានបែងចែកជាបីលើក។
គួរជម្រាបថាកាលពីឆ្នាំមុនប្រធានាធិបតីហ្វីលីពីនលោក ឌូ តឺតេ បានបញ្ជាឲ្យហាមឃាត់ការនាំចូល រាល់កាកសំណល់ពីប្រទេសខាងក្រៅទាំងអស់។
ការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីសំរាមរបស់កាណាដាចំនួន១០៣កុងតឺន័រត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញកាលពីខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ៕

