ថៃ: យោងទៅតាមការិយាល័យសន្តិសុខសង្គមប្រទេសថៃបានបញ្ចេញរបាយការណ៍ថ្មីមួយបង្ហាញពីតួលេខកម្មករថៃក្នុងចំនួនយ៉ាងច្រើនប្រមាណ៤លាននាក់បានរងផលប៉ះពាល់ដោយរោគរាតត្បាតនឹងកំពុងដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាលដោយបាត់បង់ការងារ។
អ្នកនាំពាក្យការិយាល័យសន្តិសុខសង្គមលោកស្រី Pitsamai Nithipaiboon និយាយថាកម្មករផ្លូវការចំនួន ១,២លាននាក់បានចុះឈ្មោះដើម្បីទទួលបានអត្ថប្រយោជន៍គ្មានការងារធ្វើគិតត្រឹមថ្ងៃអង្គារហើយ៥សែននាក់ក្នុងចំណោមពួកគេកំពុងត្រូវបានពិនិត្យនិងផ្ទៀងផ្ទាត់លក្ខខណ្ឌនៃការស្នើ។
ការិយាល័យនេះរំពឹងថាចំនួនអ្នកដាក់ពាក្យសុំនឹងកើនឡើងពី ៣-៤ លាននាក់ប្រសិនបើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ កាន់តែអាក្រក់ទៅនៅទូទំាងប្រទេស។
យោងតាមកាសែតបាងកកប៉ុស្តិ៍កម្មករថៃសរុប១១លាននាក់ ត្រូវទទួលបានធានារ៉ាប់រងក្រោមផ្នែកទី៣៣នៃច្បាប់សន្តិសុខសង្គមខណៈប្រហែល២លាននាក់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានអត្ថប្រយោជន៍គ្មានការងារធ្វើទេពីព្រោះពួកគេបានចូលរួមវិភាគទានដល់មូលនិធិសន្តិសុខសង្គមក្នុងរយៈពេលតិចជាង៦ខែ។
អត្រាសម្រាប់កម្មករនិយោជិកផ្លូវការមានចំនួន៦២%នៃប្រាក់ឈ្នួលប្រចាំថ្ងៃហើយរយៈពេលសំណងអតិបរមាត្រូវបានកំណត់ត្រឹម៩០ថ្ងៃកម្មករគ្មានការងារធ្វើប្រមាណ៨០០០ នាក់បានទទួលប្រាក់ឈ្នួលដំបូងរបស់ខ្លួនរួចមកហើយកាលពីថ្ងៃច័ន្ទ។
លោកស្រី Pitsamai បញ្ជាក់ទៀតថាតាមច្បាប់ថៃអត្ថប្រយោជន៍ជំនួយសម្រាប់បញ្ហាបាត់បង់ការងារអាចត្រូវផ្តល់ជូនរហូតដល់ទៅបៀរវត្សរ៍៦ខែនិងខ្លះទៀតបញ្ឈប់នៅពេលកម្មករអាចវិលត្រឡប់ទៅធ្វើការវិញ។
លោកស្រីបន្ដែមថានេះជាជំនួយដែលរដ្ឋបង់ជារៀងរាល់ខែ ហើយមូលនិធិនេះមានចំនួនសរុបប្រមាណ១៦០ពាន់លានបាតគ្រប់គ្រាន់សម្រាប់ការទាមទារប៉ុន្តែការផ្តល់ឱ្យត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត៕
