ភ្នំពេញៈ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសត្រូវបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយអនុវត្តន៍នាព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ២០២០នេះកម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង ។
ក្នុងប្រតិបត្តិការខាងលើនេះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានអញ្ជើញចុះត្រួតពិនិត្យនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅមុខក្រុមហ៊ុនSKDស្ថិតក្នុងសង្កាត់គីឡូលេខ៦ខណ្ឌឬស្សីកែវនិងតាមបណ្តាលខណ្ខផ្សេងៗនៅទូទាំងរាជធានីខេត្ត។
វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះគឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅបានបណ្ដាលឱ្យមានអ្នកស្លាប់របួសពិការបង្កឱ្យមានកុមារកំព្រានិងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិបានចាកផុតពីភ្លើងសង្គ្រាមមានសន្តិភាពនិងការអភិវឌ្ឍន៍ទៅហើយនោះ។
នាថ្ងៃនេះដែរកម្លាំងសមត្ថិច្ចនគរបាលចរាចរណ៍ចាប់ផ្តើមអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសតាមកម្រិតផាកពិន័យនៃអនុក្រឹត្យថ្មី ។
សម្រាប់រាជធានីភ្នំពេញប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
សម្រាប់អ្នកបើកបរទោចក្រយានយន្តឬទោចក្រយានយន្ត សណ្តោងរ៉ឺម៉កឬត្រីចក្រយានយន្តឬម៉ូតូកង់៤ដូចខាងក្រោម៖
១–ពិន័យទឹកប្រាក់ចំនួន៦ម៉ឺនរៀលចំពោះអ្នកបើកបរនិងរួមដំណើរព្រមទាំងកុមារមានអាយុចាប់ពី៣ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាពឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តងដារជាតិឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព។
២–ពិន័យទឹកប្រាក់៨ម៉ឺនរៀលចំពោះអ្នកបើកបរប្រើទូរស័ព្ទនៅពេលបើកបរដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
៣–ពិន័យទឹកប្រាក់១០ម៉ឺនរៀលចំពោះអ្នកបើកបរបង្ហោះ រេចុះរេឡើង ឆាបឬគៀរ, បើកបរអូសជន្ទល់លើផ្លូវថ្នល់ ឬព្រលែងចង្កូត ឬលើកជើងដាក់លើដៃចង្កូត, បើកបរបញ្ចេញសម្លែងម៉ាស៉ីនខ្លាំង ឬផ្សែងច្រើនខុសពីបទដ្ឋានបច្ចេកទេ។
៤–ពិន័យទឹកប្រាក់ ១២ម៉ឺនរៀលចំពោះអ្នកបើកបរដោយគ្មានបណ្ណបើកបរឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ឬហួសសុពលភាព, បើកបរដោយគ្មានបណ្ណសម្គាល់ ឬផ្លាកលេខ, បើកបរដោយមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានតាមច្បាប់កំណត់។

៥–ពិន័យទឹកប្រាក់ ១៥ម៉ឺនរៀល ចំពោះអ្នកបើកបរដែលប្រណាំងគ្នាដោយគ្មានការអនុញ្ញាតលើផ្លូវសម្រាប់ធ្វើចរាចរណ៍ជាសាធារណៈ ៕


