ភ្នំពេញៈ កម្លាំងនគរបាលតាមបង្ក្រាបបានជនដៃដល់ចំនួន៣នាក់ជាជនជាតិចិនដែលធ្វើសកម្មភាពប្លន់ជនជាតិចិនដូចគ្នាយកអស់លុយជាង១១ម៉ឺនដុល្លារនិងសម្ភារមួយចំនួនកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២០នៅសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកេងរាជធានីភ្នំពេញ។
សមត្ថកិច្ចបាននអោយដឹងថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០នេះដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងនៅថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២០នេះថាប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក មុំ ចេក ជនសង្ស័យទាំង៣នាក់នេះត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅចំណុចផ្លូវព្រលានយន្ដហោះភូមិគោកដូងសង្កាត់ទឹកវិលក្រុងសៀមរាប ខេត្តសៀមរាបរួមមាន៖
ទី១៖ ឈ្មោះ Shan Shiquan,ទី២៖ឈ្មោះ Wei Bingwen និងទី៣៖ឈ្មោះ Zeng Merng។
ជនសង្ស័យបានសារភាពថានៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះនៅសង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានប្រាក់ចំនួន១១ម៉ឺនដុល្លារនិងទូរស័ព្ទ០៥គ្រឿងប្រាកដមែន។
ក្រោយធ្វើសកម្មភាពប្លន់បានសម្រេចរួចហើយពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AW-4483ទៅប្លុងចោលនៅខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៉ីទៅខេត្ដបន្ទាយមានជ័យក្នុងគោលបំណងទៅប្រទេសថៃតែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូលហើយពួកគេស្នាក់នៅទីនោះរយៈពេល២ថ្ងៃទើបត្រឡប់ទៅខេត្តព្រះសីហនុវិញ។
លុះដល់ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០ពួកគេបានធ្វើដំណើរពីខេត្តព្រះសីហនុមកភ្នំពេញហើយបន្ដដំណើរទៅខេត្តសៀមរាបដើម្បីទៅយករថយន្ដក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕
