ដំណាំត្រឡាចដែលជាដំណាំងាយស្រួលនិងដាំកំពុងតែមានទីផ្សារនៅក្នុងស្រុកហេីយក៏ជាចំណែកមួយសំរាប់ដោះ​ស្រាយជីវភាពគ្រួសារបានមួយកម្រិតដែរ

ដំណាំត្រឡាចដែលជាដំណាំងាយស្រួលនិងដាំកំពុងតែមានទីផ្សារនៅក្នុងស្រុកហេីយក៏ជាចំណែកមួយសំរាប់ដោះ​ស្រាយជីវភាពគ្រួសារបានមួយកម្រិតដែរ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋឲ្យបង្កើនការដាំដុះបន្លែចិញ្ចឹមសត្វដើម្បីផ្តត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងនោះប្រជាកសិករក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែងបាននាំគ្នាងាកមកដាំបន្លែត្រ​ឡាចជំនួសពីការធ្វើស្រែខណៈដែលទីផ្សារក្នុងស្រុកបច្ចុប្បន្នកំពុងតែមានតម្រូវការខ្លាំង។

កសិករជាច្រើនគ្រួសារនៅតាមមូលដ្ឋាននៃខេត្តព្រៃវែងបាននិងកំពុងមមាញឹកដាំដំណាំបន្ទាប់បន្សំដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃនិងផ្គត់ផ្គង់គ្រួសារ។

Sponsor

លោក សារឹម ដែលជាប្រជាកសិករនិងជាម្ចាស់ចម្ការត្រឡាចរស់នៅក្នុងភូមិបឹងស្នោឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែងបានឲ្យដឹងថាដំបូងឡើយលោកធ្វើស្រែតែមួយមុខគត់នៅលើផ្ទៃដីជាង១០ហិកតាក្នុងនោះដីស្រែ៨០ភាគរយ គឺជាដីដែលលោកជួលគេដោយធ្វើមួយឆ្នាំបាន៣ដងព្រោះដីដែលលោកធ្វើស្រែនៅជាប់នឹងប្រឡាយទឹក។

លោកបានបន្តថាក្រៅពីធ្វើស្រែលោកបានឆ្លៀតដាំបន្លែសរីរាង្គបន្តិចបន្តួចជាលក្ខណៈគ្រួសារទុកហូបខ្លួនឯងនៅដីជុំវិញផ្ទះតែប៉ុណ្ណោះ។

ក្រោយមកដោយសារតែទទួលបានផលល្អលើសពីការហូបចុកលោកក៏បានយកបន្លែខ្លះទៅលក់នៅឯផ្សារក្បែរផ្ទះលុះក្រោយមកទៀតលោកក៏ទទួលបានការបញ្ជាទិញបន្លែ​មួយចំនួនពីអ្នកលក់បន្លែនៅផ្សារផងដែរ។

ម្ចាស់ចម្ការត្រឡាចរូបនេះបានបញ្ជាក់ថាបន្ទាប់មកលោកក៏បានសាកល្បងដាំបន្លែត្រឡាចលើផ្ទៃដីចំនួន២ហិកតា នៅដើមខែកុម្ភៈឆ្នាំ២០២០នេះបច្ចុប្បន្នអាចប្រមូលផលពីផ្លែត្រឡាចក្នុងមួយថ្ងៃបានជាង២០០គីឡូក្រាមដោយត្រឡាចអាចលក់បាន១៤០០រៀលទៅ១៥០០រៀលក្នុងមួយគីឡូក្រាមជាលទ្ធផលលោកអាចទទួលផលកម្រៃពីការដាំត្រឡាចជារៀងរាល់ថ្ងៃដែលលើសពីការធ្វើស្រែ។

លោក សារឹម បានបញ្ជាក់ទៀតថាមូលហេតុដែលលោកជ្រើសរើសបន្លែត្រឡាចយកមកដាំព្រោះវាងាយស្រួលដាំ និងងាយស្រួលមើលថែថែមទាំងទទួលផលបានលឿន គឺត្រឹមតែរយៈពេល៤៥ថ្ងៃអាចប្រមូលផលពីត្រឡាចជារៀងរាល់ថ្ងៃហើយការការដាំត្រឡាចគឺវាមិនលំបាកទេ គឺគ្រាន់តែរកដីដែលជាតំបន់ខ្ពស់មិនលិចទឹកភ្លៀងធ្វើស្មៅ លើករងដីឲ្យបានខ្ពស់ប្រើជីកំប៉ុសលាមកទាឬលាមកគោ ជាពិសេសគឺត្រូវរកពូជត្រឡាចល្អយកមកដាំ។

លោកបានបញ្ជាក់ថាការដាំបន្លែបន្ទាប់បន្សំនេះបានរួម​ចំណែកដោះស្រាយជីវភាពក្រុមគ្រួសាររបស់លោកឱ្យបានល្អប្រសើរមួយកម្រិតនិងជៀសវាងការនៅទំនេរឥតប្រយោជន៍ឆ្នាំក្រោយលោកគ្រោងពង្រីកការដាំដុះឱ្យច្រើនជាងនេះថែមទៀត។

គួរបញ្ជាក់ថាអំឡុងពេលនៃការរីករាលដាលវីរុសកូវីដ-១៩ ទូទាំងសាកលលោកនេះធ្វើឲ្យប្រទេសនានាមានតម្រូវ​ការស្បៀងអាហារខ្លាំងនៅក្នុងស្រុកមិនថាតែកម្ពុជាយើងនោះទេ៕