បន្ទាយមានជ័យ: ពេទ្យសត្វសហការជាមួយយោធាការពារព្រំដែនបានឃាត់រថយន្ត១គ្រឿងដឹកជ្រូកចំនួន៤៥ក្បាល កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៥ឧសភានៅចំណុចព្រំដែនក្នុងភូមិសាស្ត្រឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យឲ្យដឹងថារថយន្តម៉ាកស្តារិច ពាក់ផ្លាកលេខភ្នំពេញ2AD.3478ត្រូវឈ្មួញលួចដឹកជ្រូកចំនួន៤៥ក្បាលនាំចូលតាមច្រករបៀងខុសច្បាប់«(ណងចាន់)ស្ថិតក្នុងឃុំអូរបីជាន់ ។
សមត្ថកិច្ចបានចាប់ហើយជ្រូកទាំងនោះបញ្ជូនទៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តដើម្បីយកសំណាកទៅពិនិត្យ ។
លោក ហ៊ុយ តូច ថា ការចាប់រថយន្តដឹកជ្រូកនោះគឺអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្មនិងវិធានការពីនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលដើម្បីទប់ស្កាត់ជ្រូកដែលនាំចូលពីប្រទេសជិតខាងផងនិងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុកផង ។
លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការយោធាការពារព្រំដែនលេខ៥០៣បានបញ្ជាក់ថាតាមការណែនាំពីលោកមេបញ្ជាការយោធភូមភាគិទី៥និងមេបញ្ជាការទិសទី១បន្ទាយមានជ័យបានឱ្យកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ចូលរួមទប់ស្កាត់រាល់បទល្មើសឆ្លងដែននិងទំនិញគេចពន្ធ ។
កម្លាំងលោកក៏បានចូលរួមទប់ស្កាត់ដោយឃាត់រថយន្តដឹកជ្រូកដែលឈ្មួញលួចនាំចូលពីប្រទេសថៃនោះ ។
កងកម្លាំងយោធាដែលកំពុងឈរជើងការពារព្រំដែនតែងតែទប់ស្កាត់រាល់បទល្មើសឆ្លងដែនមានទំនិញគេចពន្ធនិងពលករចំណាកស្រុកខុសច្បាប់ ៕



