ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០នេះបានចេញមកបញ្ជាក់និងផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ថាក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១/២$និង៥$នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជាហើយមិនមានការកាត់ទឹកអ្វីទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ផ្លូវការយ៉ាងដូច្នេះថា «ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា។
ខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ម្សិលមិញនេះគឺបានបញ្ជាក់ច្បាស់ហើយថាក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេសគឺមិនមានការហាមប្រាមមិនឲ្យចាយដូចពាក្យចចាមអារាមនោះទេ»។
ក្នុងករណីប្រសិនបើមានការបញ្ឈប់ឲ្យចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះគឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។
សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា»។
នេះជាបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


