កំពង់ស្ពឺ: កម្លាំងអាជ្ញាធរខេត្តកំពង់ស្ពឺនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធគួរដាក់សញ្ញាសួរខ្លួនឯងតើហេតុអ្វីក៏ឈ្មួញទុចរិតបើកអាជីវកម្មផលិតបារីក្លែងក្លាយបាននៅក្បែរជើងភ្នំឱរ៉ាល់ខេត្តកំពង់ស្ពឺដោយសារមានជនអំណាចនៅក្រោយឬខ្វះការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រយោជន៍នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានចំងល់ ។
ទីបំផុតកម្លាំងសមត្ថកិច្ចចម្រុះ គ.ប.ផ.ក បានចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងស្ថិតនៅក្បែរជើងភ្នំឱរ៉ាល់ ចម្ងាយប្រហែល៦គីឡូម៉ែត្រពីផ្លូវជាតិក្នុងភូមិស្យាឃុំយាអង្គ ស្រុកថ្ពងខេត្តកំពង់ស្ពឺដែលក្លែងបន្លំនិងខុសច្បាប់កាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០កន្លងទៅ។
ការបង្ក្រាបនេះដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានឲ្យឧត្តមសេនីយ៍ឯក កឹម ជាតិ អនុប្រធាន គ.ប.ផ.ក ដឹកនាំក្រុមប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយកន្លែងស្ថិតនៅភូមិស្យាឃុំយាអង្គស្រុកថ្ពងខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើការវេចខ្ចប់រក្សាទុកនិងលក់ចែកចាយនូវផលិតផលបារីក្លែងក្លាយអន់គុណភាពនិងខុសច្បាប់ដោយមានការសហការជាមួយនឹងអាជ្ញាធរដែនដីនិងមានការសម្របសម្រួលនីតិវិធីពីលោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចុះអនុវត្តត្រួតពិនិត្យជាក់ស្តែងបានរកឃើញការផលិតបារីក្លែងក្លាយនិងដកហូតសំណាកចំនួន២២មុខក្នុងនោះក៏មានឧបករណ៍សម្រាប់ផលិត ព្រមទាំងឃាត់ខ្លួនមេកាម្នាក់(ជនជាតិចិន)ដើម្បីសួរនាំធ្វើការស្រាវជ្រាវស្វែងរកមេក្លោងពិតប្រាកដដែលហ៊ានយកស្លាកក្រសួងការពារជាតិមកប្រើប្រាស់ដើម្បីផលិតបារីក្លែងក្លាយខាងលើជ្រកក្រោមពាក្យតំបន់ភិវឌ្ឍន៍នៃនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់មូលដ្ឋានកងយោធពលខេមរភូមិន្ទ។
បច្ចុប្បន្ននេះកម្លាំងប្រតិបត្តិការកំពុងបន្តនីតិវិធីជាមួយនឹងស្ថាប័នអយ្យការស្វែងរកមេខ្លោងធំនៅពីក្រោយមកចាត់ការតាមផ្លូវច្បាប់។






