ភ្នំពេញៈ នគរបាលផ្នែកព្រហ្មទណ្ឌរបស់អធិការដ្ឋានខណ្ឌទួលគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះបានបញ្ជូនស្ត្រីសង្ស័យឈ្មោះ សួន មករា អាយុ៣៦ឆ្នាំមុខរបរអ្នកគក់ជេរទិញនិងលក់ដីឡូត៍ទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្រោយដើមបណ្តឹងដែលជាជនរងគ្រោះប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួននៅសង្កាត់បឹងកក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ។
ក្នុងការឃាត់ខ្លួនជនសង្ស័យរូបនេះដោយសារតែសង្ស័យបានយកលុយជនរងគ្រោះទៅទិញដីឡូត៍ឲ្យជនរងគ្រោះតែយកទៅចាយវាយអស់លុយហើយគេចខ្លួនបាត់។
លោក ខាត់ ខុនទិត្យ បានឲ្យដឹងទៀតថាកាលពីថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២០វេលាម៉ោងប្រហែល១៤និង០០នាទី កម្លាំងរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យនៅចំណុចតូបលក់បបរផ្លូវលេខ៣១៧ក្រុមទី២៦ភូមិ៦សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សួន មករា អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរអ្នកគក់ជេរទិញនិងលក់ដីឡូត៍ស្នាក់នៅផ្ទះជួល(ប្លុកវីឡា៥៦)ផ្លូវលេខ៥៩២ក្រុមទី៣១ភូមិ៧សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ឈួ ទូច ភេទស្រីអាយុ៥៨ឆ្នាំជនជាតិខ្មែរមុខរបរលក់បបរស្នាក់នៅផ្ទះប្លុកវីឡា៥៦ផ្លូវលេខ៥៩២ក្រុមទី៣១ភូមិ៧សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតភស្តុតាងរួមមាន:វិក័យប័ត្រវ៉ីងវេរលុយចំនួន០៣សន្លឹកវិក័យប័ត្រទ្រូម៉ាន់នីចំនួន០៤សន្លឹកវិក័យប័ត្ររបស់ជនរងគ្រោះវេរលុយទៅឲ្យជនសង្ស័យឈ្មោះ សួន មករា សំរាប់បង់ប្រាក់ជាដំណាក់កាលឲ្យក្រុមហ៊ុនលក់ដីឡូត៍ (ទទួលពីឈ្មោះ ឈួ ទូច)។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការតាមនីតិវិធីច្បាប់៕

