ផ្លូវសាធារណៈរបស់រដ្ឋនៅខាងជើងផ្សារដងទង់កំពុងក្លាយជាចំណតផាស៊ីរបស់ឈ្មួញដេញថ្លៃដោយមិនមានការខ្វល់ខ្វាយពីសំណាក់អាជ្ញាធរនិងជំនាញពាក់ព័ន្ធនោះឡើយ

ផ្លូវសាធារណៈរបស់រដ្ឋនៅខាងជើងផ្សារដងទង់កំពុងក្លាយជាចំណតផាស៊ីរបស់ឈ្មួញដេញថ្លៃដោយមិនមានការខ្វល់ខ្វាយពីសំណាក់អាជ្ញាធរនិងជំនាញពាក់ព័ន្ធនោះឡើយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កោះកុង:​ ផ្ទុះការរិះគន់ពីសំណាក់មហាជនមួយចំនួនដែលគាត់ចេញចូលនិងប្រើប្រាស់ផ្លូវមួយខ្សែ (ខាងជើងផ្សារដងទង់) ដោយពួកគាត់បានលើកឡើងថា កន្លងមកការយកថ្លៃផ្ញើរម៉ូតូពីសំណាក់អ្នកប្រចាំការនៅទីនេះ គឺភាគច្រើនពុំមានការកឹបសំបុត្រនោះទេ មិនត្រឹមតែប៉ុណ្ណោះអ្នកប្រចាំការនៅទីនេះគឺបានយកផ្លូវសាធារណៈរបស់រដ្ឋមកធ្វើជាទីតាំងសម្រាប់ចតម៉ូតូដើម្បីយកប្រាក់ថែមទៀតផង ដែលជាហេតុបង្កអោយមានការកកស្ទះចរាចរណ៍ជាញឹកញាប់ ។

ប្រភពដដែលបានបន្តថា ប្រសិនបើមានអ្នកបើកបរម៉ូតូចត(លើផ្លូវសាធារណៈ)ហើយអង្គុយចាំនៅលើម៉ូតូក៏អ្នកយាមនៅទីនោះមិនអនុញ្ញាតិអោយដែរ ដោយគាត់បានដេញចេញហើយប្រាប់ថាទីនេះជាកន្លែងដែលគេទុកសម្រាប់ផ្ញើរម៉ូតូនោះទេ បើចង់ចតទៅរកកន្លែងផ្សេងទៅ តែការផ្ញើរគឺពុំមានការកឹបសំបុត្រអ្វីនោះឡើយ ប្រសិនបើមានការបាត់បង់វិញ តើខាងណាជាអ្នកទទួលខុសត្រូវ ? បើអ្នកប្រចាំការមិនខ្ចីកឹបសំបុតផង ពោលគឺអង្គុយចាំតែយកលុយតែម្តង ។

Sponsor

ជុំវិញបញ្ហាខាងលើ មហាជនបានធ្វើការស្នើរសុំដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធមេត្តាចុះមកពិនិត្យមើលបញ្ហានេះផង ដើម្បីកុំអោយឈ្មួញឆ្លៀតឱកាសទាំងនេះធ្វើអ្វីតាមតែអំពើចិត្តរបស់ខ្លួនបែបនេះ ។

បើតាមការលើកឡើងពីអ្នកប្រចាំការយកថ្លៃផ្ញើរម៉ូតូនៅទីនោះ បាននិយាយថា ខ្លួនត្រូវបានគេចុះផ្សារ៧លើកមកហើយ ហេតុនេះបើចង់ផ្សារបន្តទៀតក៏តាមចិត្តចុះ ព្រោះកន្លងមកកន្លែងនេះខាងអាជ្ញាធរក្រុងក៏ធ្លាប់បានចុះមកពិនិត្យជាញឹកញយដែរ ។

ជុំវិញបញ្ហាខាងលើ លោកស្រី ជៀវ ស៊ីណាត ប្រធានផ្សារដងទង់ បានអោយដឹងតាមទូរស័ព្ទថា ជុំវិញផ្សារដងទង់ គឺខាងផ្សារបានម៉ៅទៅអោយអ្នកយកផាស៊ីម៉ូតូអស់ហើយ តែខាងផ្សារមិនបានអនុញ្ញាតិអោយគាត់ដាក់ម៉ូតូផ្ញើរនៅលើផ្លូវសាធារណៈនោះទេ គឺអនុញ្ញាតិអោយដាក់ជាប់របងផ្សារតែប៉ុណ្ណោះ តែគាត់ចេះតែលួចដាក់នៅលើផ្លូវសាធារណៈ ហេតុនេះហើយជុំវិញបញ្ហាខាងលើ គឺលោកស្រីមិនទទួលខុសត្រូវនោះទេ ។

ដោយឡែក លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទវិញ បានបញ្ជាក់តាមទូរស័ព្ទដែរថា លោកពុំបានដឹងពីបញ្ហានេះនោះទេ ចាំលោករាយការណ៍ជូនលោកអភិបាលក្រុង ៕