ខេត្តកំពត: ប្រជាកសិករកំពុងតែមមាញឹកប្រមូលផលអំបិលខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះដើម្បីបំពេញតម្រូវការទីផ្សារ។
លោកប៊ុនបារាំងប្រធានសហគមន៍ផលិតអំបិលខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថាការផលិតអំបិលក្នុងឆ្នាំ២០២០នេះនៅក្នុងខេត្តកំពតមានការកើនឡើងជាងឆ្នាំទៅដោយសារតែមានពលកម្មគ្រប់គ្រាន់ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។
លោកបន្តថាបច្ចុប្បន្នប្រជាកសិករកំពុងតែមមាញឹកប្រមូលផលខណៈរដូវកាលប្រមូលផលជិតបិទបញ្ចប់នៅពាក់កណ្ដាលខែមិថុនានេះហើយក្នុងនោះដែរការផលិតអំបិលអាចទទួលបានផលប្រហែល៨ម៉ឺនតោនលើផ្ទៃដីជាង៤០០០ហិចតាដែលមានក្រុមផលិតអំបិលចំនួន២០០ក្រុមសាមគ្គី។
លោកបានបញ្ជាក់ថាឆ្នាំនេះការផលិតអំបិលរបស់ប្រជាកសិករទទួលបានផលល្អដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។
«សព្វថ្ងៃនេះពួកគាត់កំពុងផលិតផលិតមិនទាន់ចប់ព្រោះមេឃអំណោយផលល្អយើងនៅផលិតបានពួកគាត់កំពុងធ្វើសកម្មភាពផលិតរហូតដល់ខែ៦ហើយមេឃអត់ទាន់មានភ្លៀងធំមានតិចតួចអញ្ចឹងយើងអាចផលិតបានហើយនៅតែបន្តផលិតរហូតដល់សព្វថ្ងៃនេះ»។
សូមបញ្ជាក់ថាកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោនសម្រាប់ប្រើប្រាស់ក្នុងមួយឆ្នាំៗកាលពីឆ្នាំ២០១៩កន្លងទៅកម្ពុជាបាននាំអំបិលចូលពីបរទេសប្រមាណ៥ម៉ឺនតោនដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុក។
សហគមន៍អ្នកផលិតអំបិលខេត្តកំពតនិងខេត្តកែបត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ដែលចែកចេញជា៧មណ្ឌលគឺមណ្ឌលបឹងទូកមណ្ឌលត្រើយកោះមណ្ឌលបឹងរូងទី១មណ្ឌលបឹងរូងទី២មណ្ឌលសេះសមណ្ឌលកែបនិងមណ្ឌលកំពង់ត្រាចដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រផ្ដើមចេញពីឃុំបឹងទូកស្រុកទឹកឈូទៅភូមិលកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាចខេត្តកំពតជាប់ព្រំដែនវៀតណាម៕

