បន្ទាយមានជ័យ: ជនសង្ស័យជាជនជាតិជប៉ុនម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នៅចំណុចបន្ទប់លេខ២៦ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាមួយនឹងថ្នាំញៀននិងគ្រាប់កាំភ្លេីងមួយចំនួន ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថាក្រោយទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួលមួយកន្លែងអំពីករណីសង្ស័យថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងបន្ទប់ជួលនៅចំណុចបន្ទប់ជួលខាងលើរួចមកលោកបានដឹងនាំកម្លាំងរបស់លោកចុះដល់ចំណុចបន្ទាន់ជួលត្រួតពិនិត្យឆែកឆេររហូតឈានដល់ឃាត់ខ្លួនជនសង្ស័យជាជនជាតិជប៉ុនម្នាក់ឈ្មោះ មុតសូអុ គុណនីកាតា ភេទប្រុសថ្ងៃខែឆ្នាំកំណើត: ១៥/១១/១៩៦៤ កាន់លិខិតឆ្លងដែន(ថតចំឡង)លេខ TE6995694 ។
លោកថាជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនដូចជាថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា១កូនថង់តូចថ្នាំញៀនប្រភេទគ្រាប់ពណ៌ក្រហម១គ្រាប់ដាក់ក្នុងកូនថង់ជាមួយម្សៅក្រាមសថ្លា១កូនដុំតូចដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន១ដែកកេះ១បំពង់ចូក២ទូរស័ព្ទដៃ២គ្រឿង,កាតធនាគារ១,កាតDream Rewards GOLD មួយសន្លឹក,គ្រាប់កាំភ្លើងខ្លីចំនួន១៦គ្រាប់,ដំបងឈើ១,វិទ្យុទាក់ទង២ ។
ក្រោយឃាត់ខ្លួនជនសង្ស័យជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីបញ្ជូនបន្តទៅតុលាការខេត្តបន្ទាយមានជ័យផ្ដន្ទាទោសតាមច្បាប់ ៕

