ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌសែនសុខបានអោយដឹងថានៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០នេះបញ្ជូនលោក គង់ ខេមរា ចៅក្រមសាលាដំបូងខេត្តកោះកុងទៅតុលាការដេីម្បីចាត់ការតាមច្បាប់ករណីបេីកឡានដេញបុកចោរម្នាក់បណ្តាលអោយស្លាប់ ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០ម្សិលមិញនៅចំណុចខាងត្បូងហាងបាយសុខហុកនៅតាមបណ្តោយ ផ្លូវភ្នំពេញហៅផលូវហាណូយក្នុងភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខភ្នំពេញ។
ជនសង្ស័យដែលរថយន្តបុកស្លាប់ឈ្មោះ សាយ គឹមនី ភេទស្រីអាយុ៣០ឆ្នាំកាត់សក់តែងខ្លួនធ្វើប្រុសមានលំនៅ ផ្ទះលេខ២៧ផ្លូវលេខ២៣៦ភូមិសែនសុខសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញត្រូវរថយន្តបុកពីក្រោយ បោកក្បាលស្លាប់នៅនឹងកន្លែង ។
ចំណែក ចៅក្រុម ដែលបានបើកឡានបុកមនុស្សស្លាប់នោះឈ្មោះ គង់ ខេមរា មុខងារជាចៅក្រមសាលាដំបូងខេត្តកោះកុងជិះរថយន្តម៉ាកហាឡេន ឌ័រ ពណ៌ស ពាកស្លាកលេខភ្នំពេញ ២AF.៧០០៦ ។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញស្រ្តីរូបនោះបានជិះម៉ូតូម៉ាកហុង ដាសេរី២០១៩មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ១HO .២៥៤៦ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ដោយមានរថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងបើកដេញពី ក្រោយ ។
នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុត្រូវបានរថយន្ត បុកពីក្រោយពេញទំហឹងបណ្តាលឱ្យដួលបោកលើថ្នល់ស្លាប់នៅកន្លែង ។
នៅក្នុងហេតុការណ៍នេះម៉ូតូត្រូវរថយន្តបុកដាច់ផ្លាកលេខ ប៉ើងខ្ទេតទៅលើចិញ្ចើមផ្លូវភ្លាមៗគេឃើញកាបូបប្រាក់ខ្ទាតជ្រុះត្រូវបានម្ចាស់រើសយកវិញ ។
តាមម្ចាស់រថយន្តដែលគ្រោះបានអះអាងថាខ្លួនជាចៅក្រម ខេត្តកោះកុងខ្លួនពុំមានចេតនាបុកជនសង្ស័យអោយស្លាប់នោះទេដោយនៅមុនពេលកើតហេតុគាត់បានជិះរថយន្ត ទៅកាត់សក់នៅតាមផ្លូវលេខ១០១១ក្នុងភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
ខណះនោះនៅពេលដែលគាត់បានចុះពីលើរថយន្តដោយកាន់កាបូបនៅដៃស្រាប់តែជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់យកបានសម្រេចភ្លាមៗគាត់បានជិះរថយន្តដេញតាម គោលបំណងកៀរផ្តួលដើម្បីយកកាបូបវិញ។
លោកចៅក្រមរូបនោះបានអោយអ្នកព័ត៌មានដឹងថានៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុមានរថយន្តមួយគ្រឿងឆ្លងកាត់ម៉ូតូជនសង្ស័យចាប់ហ្វ្រាំងបន្ថយលឿនត្រូវរថយន្តរបស់គាត់បុកពីក្រោយបណ្តាលអោយស្លាប់តែម្តង ។
បេីតាមការនិយាយប្រាប់ពីចៅក្រុមរូបនោះបានអោយដឹងថានៅក្នុងកាបូបដៃរបស់គាត់ដែលត្រូវចោរឆក់មានប្រាក់ប្រមាណជាង៦ពាន់ដុល្លារ ៕


