អ្នកដំណើរមកដល់តាមជើងយន្តហោះពីប្រទេសចិនមកកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុចាប់ពីថ្ងៃទី២៣ ខែឧសភាដល់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០មានចំនួន២៤ជើង មានអ្នកដំណើរសរុបចំនួន១,៩២៤នាក់ក្នុងនោះស្រី៣៨១នាក់ ដែលអ្នកដំណើរទាំងនោះគឺជាអ្នកវិនិយោគនៅកម្ពុជាពិសេសខេត្តព្រះសីហនុ។
នេះបើយោងតាមការឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុនៅថ្ងៃទី៨ខែកក្កដាឆ្នាំ២០២០លោកបានឱ្យដឹងថាចំនួននៃការមកដល់អ្នកវិនិយោគចិននេះ បានធ្វើឱ្យព្រលានយន្តហោះកងកេងខេត្តព្រះសីហនុមាន សកម្មភាពហោះហើរឡើងវិញកាន់តែច្រើនជាពិសេសសេដ្ឋកិច្ចនៅក្នុងខេត្តនេះនឹងចាប់ផ្តើមកម្រើកឡើងវិញ។
រាល់អ្នកដំណើរទាំងអស់ដែលមកដល់ត្រូវបានដាក់ឱ្យស្ថិតនៅកន្លែងចត្ថាឡីស័ក្តបានយ៉ាងត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជានិងអង្គការសុខភាពពិភព លោកមុននឹងអនុញ្ញាតឱ្យពួកគេចេញចរាចរណ៍នៅទីតាំងអាជីវកម្ម។
អ្នកនាំពាក្យសាលាខេត្តបានចាត់ទុកការមកដល់នៃអ្នកវិនិយោគនេះបានធ្វើឱ្យខេត្តព្រះសីហនុមានមនុស្សចេញចូលច្រើនជាងមុនហើយចរន្តនៃការចាយលុយក៏មានចរាចរណ៍ សកម្មតាមនោះដែរចំណែកសេដ្ឋកិច្ចខេត្តព្រះសីហនុអាចនឹងល្អប្រសើរមួយកម្រិតឡើងវិញទោះបីមិនល្អប្រសើរដូចមុនក៏ដោយ។
សូមបញ្ជាក់ថាវិស័យសំណង់នៅទូទាំងខេត្តព្រះសីហនុបាននិងកំពុងធ្វើការអភិវឌ្ឍប៉ុន្តែត្រូវទទួលរងនូវផលប៉ះពាល់តាំងពីអំឡុងបុណ្យចូលឆ្នាំចិនហើយរួមផ្សំជាមួយការបិទហ្គេម អនឡាយនិងវិបត្តិវីរុសកូវីដ១៩(Covid-19) បានធ្វើឱ្យវិស័យមួយនេះរងផលប៉ះពាល់ធ្ងន់ធ្ងរ។
បច្ចុប្បន្នខេត្តនៅមាត់ឆ្នេរសមុទ្រមួយនេះចាប់ផ្តើមមានសង្ឃឹមឡើងវិញហើយ៕



