ភ្នំពេញ: កម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានសហការជាមួយនគរបាលខណ្ឌចំការមនបើកកិច្ចប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំនូវទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងដែលមានយីហោ (ជីនសេង ទីក្រុងអានីម)ព្រមទាំងឃាត់ខ្លួនប្រុសស្រី២០នាក់ដែលជាអ្នកញៀនល្បែងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
ក្នុងប្រត្តិបត្តិការចុះបង្រ្កាបទីតាំងខាងលើនេះដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញក្នុងនោះសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងជាច្រើនតែមិនបានបញ្ជាក់អ្វីខ្លះនោះទេ ចំណែកអ្នកញៀនល្បែងកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនប្រុសចំនួន១៧នាក់ស្រីចំនួន៣នាក់សរុប២០នាក់បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញដេីម្បីចាត់ការតាមនីតិវិធី ។
គួររំលឹងថាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញធ្លាប់បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបើកប្រតិបត្តិការបង្រ្កាបគ្រប់ទីតាំងល្បែងស៉ីសងខុសច្បាប់ទាំងអស់និងធ្លាប់បានលើកឡើងថា(ដើម្បីលុបបំបាត់បទល្មើសឆក់ ប្លន់ គ្រឿងញៀន ការបង្រ្កាបទីតាំងទូហ្គេមនៅទីក្រុងភ្នំពេញជាពិសេសតំបន់ទេសចរណ៍ត្រូវតែធ្វើឲ្យបានល្អនិងមិនអនុញ្ញាតឲ្យបើកឡើយបើនរណាអនុញ្ញាតអ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់)៕



